(កូរ៉េ)៖ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារកម្ពុជា បានបង្ហាញការសោកស្តាយដែលកន្លងទៅថ្មីៗនេះ មានពលករកម្ពុជាមួយចំនួនតូចនៅសាធារណរដ្ឋកូរ៉េ បានជឿលើការឃោសនាបែបអបិយជំនឿរបស់អ្នកនយោបាយមួយរូបដែលត្រូវគេដឹងថាគឺលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។ នេះបើយោងតាមការចុះផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងការងារកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២។
ថ្លែងក្នុងកម្មវិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនៅសាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី១៨ កញ្ញាម្សិលមិញនេះ លោក អ៊ិត សំហេង បានលើកឡើងថា ពួកគេបានត្រឡប់ទៅកម្ពុជាវិញទាំងតក់ក្រហល់ បោះបង់ចោលការងារ រត់ចោលថៅកែ ធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះពលករខ្មែរ ដែលតែងតែទទួលបានការគោរព ស្រឡាញ់ និងចូលចិត្តពីនិយោជកកូរ៉េ និងធ្វើឱ្យបាត់ប្រភពចំណូលដ៏ធំសម្រាប់ទ្រទ្រង់គ្រួសារ។
សម្រាប់លោករដ្ឋមន្រ្តី ម្នាក់ៗមានសិទ្ធិជឿលើជំនឿអ្វីក៏បាន ប៉ុន្តែមុននឹងជឿគួរតែពិចារណាការខាតចំណេញរបស់ខ្លួនឯង អ្នកជំវិញខ្លួន និងសង្គមជាតិ។
សូមរំលឹកជូនថា កាលពីពេលកន្លងទៅនេះ លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យបានប្រកាសកៀរគរបងប្អូនមកពីគ្រប់ទិសទីគ្រប់បណ្ដាខេត្តដែលជាសមាជិករបស់ខ្លួន មកប្រមូលផ្ដុំគ្នានៅលើ ដីចម្ការបស់លោកផ្ទាល់នៅលើភ្នំគូលែន ក្នុងភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
ការប្រមូលផ្តុំនេះគឺឡើងក្នុងគោលបំណងដើម្បីចូលរួមស្តាប់ការពន្យល់បកស្រាយនូវអ្វីដែលលោកបានផ្សព្វផ្សាយថា លោកបានធ្វើវិបស្សនា មើលឃើញ និងបំភ្លឺសារជាថ្មីនូវមេរៀនត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធ និងការឃើញពីគ្រោះកាចដោយសារទឹកជំនន់ជនលេចភពផែនដីទាំងមូល ប្រការនេះបានធ្វើឱ្យសកម្មជនអ្នកគាំទ្រលោកមិនថានៅក្នុងប្រទេសនិងនៅក្រៅប្រទេស បានបោះបង់ចូលការងារ ប្តី ប្រពន្ធ និងទ្រព្យសម្បត្តិ ដោយសារតែជឿតាមការឃោសនារបស់លោក៕ ដោយ៖ សៀងហៃ