ភ្នំពេញ៖ នៅមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ( NPMEC ) នៅព្រឹកថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០២២នេះ បានបើកកិច្ចប្រជុំការងារ ដើម្បីត្រៀមរៀបចំបញ្ជូនកងកម្លាំងកម្ទេចគ្រឿងផ្ទុះ(EOD) ថ្មីចំនួន១០១ នាក់ ទៅចូលរួមបំពេញបេសកកម្មសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាលនាពេលខាងមុខ ក្រោមអធិបតីភាព លោកនាយឧត្ដមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌល ជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសម្អាតមីន និងកាកសំណល់សង្គ្រាម។
ក្នុងកិច្ចប្រជុំនោះដែរ ក៏មានការចូលរួមពីសំណាក់ លោក លោកស្រី អគ្គនាយករង នាយក នាយកដ្ឋាន និងប្រធានជំនាញ និងនាយទាហាន នាយទាហានរងតាមបណ្តាកង នៃមជ្ឈមណ្ឌលជាតិជាច្រើនរូបទៀត។
នៅក្នុងកិច្ចប្រជុំនោះ លោកនាយឧត្ដមសេនីយ៍ សែម សុវណ្ណនី បានលើកឡើង ពីសម្ភារ គ្រឿងបំពាក់ និងបញ្ហាប្រឈមនានា របស់កងកម្ទេចគ្រឿងផ្ទុះ (EOD )ថ្មី និងប្រាប់ពីរបៀបថែទាំគ្រឿងសម្ភារ បំពាក់ របស់កងកម្ទេចគ្រឿងផ្ទុះ មុនចេញទៅបំពេញ បេសកកម្ម នៅសាធារណរដ្ឋអាហ្វិ្រកកណ្តាលនាចុងឆ្នាំនេះផងដែរ៕
ដោយ៖ គង់ សេដ្ឋាមុនី