មូស្កូ៖ មេដឹកនាំមហាយក្សចិន លោក ស៊ី ជីនពីង និងសមភាគីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នឹងជួបពិភាក្សាគ្នាពាក់ព័ន្ធនឹងសង្រ្គាមអ៊ុយក្រែន ហើយនិងបញ្ហាមួយចំនួនផ្សេងទៀតពាក់ព័ន្ធនិងបញ្ហាតំបន់និងអន្តរជាតិ។ មេដឹកនាំប្រទេសទាំងពីរនឹងជួបគ្នាក្នុងកិច្ចប្រជុំកំពូលមួយដែលរៀបចំឡើងនៅក្នុងប្រទេសអ៊ូសបេគីស្ថាននាចុងសប្តាហ៍នេះ។ នេះបើតាមការលើកឡើងរបស់វិមានក្រឹមឡាំង។
យោងតាមការចុះផ្សាយរបស់សារព័ត៌មានប៊ីប៊ីស៊ី នៅថ្ងៃទី១៤ កញ្ញានេះ បានឱ្យដឹងថា ជំនួបរវាងមេដឹកនាំមហាអំណាចពិភពលោកទាំងពីរនេះគឺធ្វើឡើងស្របពេលដែលទំនាក់ទំនងការទូតរបស់លោកពូទីនជាមួយលោកខាងលិចកំពុងស្ថិតក្នុងកម្រិតទាបបំផុតលើបញ្ហាសង្រ្គាមនៅអ៊ុយក្រែន។
លោក ស៊ី បានចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃរបស់លោកទៅកាន់ប្រទេសកាហ្សាក់ស្ថាននៅថ្ងៃពុធនេះ។ បន្ទាប់មកលោកនឹងជួបលោកពូទីននៅថ្ងៃព្រហស្បតិ៍នៅឯកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃ ក្នុងទីក្រុង Samarkand ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី១៦ ខែកញ្ញា។
បើតាមមន្រ្តីគោលនយោបាយការបរទេសរបស់វិមានក្រុងឡាំង បានគូសបញ្ជាក់ថា ក្រៅពីជំនួបជាមួយលោក ស៊ី លោក ពូទីន ក៏នឹងជួបជាមួយបណ្តាមេដឹកនាំពិភពលោកផ្សេងៗទៀតរួមមាន៖ មេដឹកនាំឥណ្ឌា, ប៉ាគីស្ថាន, តួគី និងអ៊ីរ៉ង់ផងដែរ។ ក៏ប៉ុន្តែជំនួបរវាងលោក ពូទីន និងលោក ស៊ី ត្រូវបានមន្រ្តីរូបនេះ អះអាងថា គឺមានលក្ខណៈពិសេសជាងគេ៕
ដោយ៖ វង្ស សំណាង