ភ្នំពេញ៖ «ការលើកកម្ពស់ការតភ្ជាប់វិស័យដឹកជញ្ជូនអាស៊ាន មិនត្រឹមតែរួមចំណែក ជាមួយសមាគមអាស៊ានក្នុងការរឹតបន្តឹង និងការភ្ជាប់ទំនាក់ទំនងល្អប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយដល់សមាជិកសមាគមអាស៊ានទាំងអស់ក្នុងការលើកកម្ពស់វិស័យពាណិជ្ជកម្ម និងការវិនិយោគក្នុងតំបន់ផងដែរ »។ នេះបើតាមប្រសាសន៍ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងឱកាសអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសក្នុងវេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូសហប្រតិបត្តិការ អាស៊ាន ក្រោមប្រធានបទ៖ “ ការលើកកម្ពស់ការតភ្ជាប់វិស័យដឹកជញ្ជូនអាស៊ាន ដើម្បីជំរុញវិស័យពាណិជ្ជកម្ម និងការវិនិយោគក្នុងតំបន់” (Enhancing ASEAN Transport Connectivity to Promote Regional Trade and Investments) នៅសណ្ឋាគារ Hyatt Regency Phnom Penh កាលពីថ្ងៃទី១២ខែកញ្ញា ឆ្នាំ២០២២។
លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងផ្តល់អាទិភាពលើគម្រោងជាច្រើនដើម្បីអភិវឌ្ឍន៍វិស័យដឹកជញ្ជូន និងភ័ស្តុភារកម្មនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង រួមមាន៖ គម្រោងអភិវឌ្ឍន៍វិស័យដឹកជញ្ជូនផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស ផ្លូវដែក គម្រោងអភិវឌ្ឍន៍ វិស័យកំពង់ផែ និងក្របខ័ណ្ឌគោលនយោបាយស្តីពីការដឹកជញ្ជូន និងភ័ស្តុភារកម្ម។
ជាមួយគ្នានេះ លោក ទេសរដ្ឋមន្ត្រីបានបង្ហាញពីផែនការមេ និងកិច្ចព្រមព្រៀងក្នុងក្របខ័ណ្ឌអាស៊ាន ជាច្រើនដែលបានចុះហត្ថលេខា និងជាពិសេសគឺកិច្ចព្រមព្រៀងដឹកជញ្ជូនផ្លូវអាកាស ដ៏ទូលំទូលាយអាស៊ាន-សហភាពអឺរ៉ុប (AE-CATA) ដែលគ្រោងនឹងចុះហត្ថលេខាជាផ្លូវការ នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី ក្នុងខែតុលា ឆ្នាំ២០២២ខាងមុខ។ ពោលគឺសំដៅចូលរួមចំណែកក្នុងការលើកកម្ពស់ការតភ្ជាប់វិស័យដឹកជញ្ជូនក្នុងតំបន់អាស៊ាន និងបង្កើតបានជាបណ្តាញដឹកជញ្ជូនអន្តរទំនាក់ទំនង។
លើសពីនេះទៀត លោកបានមានប្រសាសន៍អំពីកាលានុវត្តភាពវិនិយោគជាច្រើន ក្នុងវិស័យដឹកជញ្ជូន និងភ័ស្តុភារកម្មនៅកម្ពុជា លើកទឹកចិត្តឱ្យវិស័យឯកជនពិចារណា និងងាកមកវិនិយោគនៅកម្ពុជាឱ្យបានច្រើន និងលើកឡើងអំពីការបញ្ជាក់របស់ធនា គារពិភពលោកថា កម្ពុជាមានរបបវិនិយោគសេរីបំផុតក្នុងតំបន់អាស៊ាន ហើយដើរតួជាអ្នកសម្របសម្រួល និងផ្តល់ការគាំទ្រយ៉ាងពេញទំហឹង លើការវិនិយោគរបស់វិស័យឯកជនដើម្បីធានាបានថា វិស័យឯកជននឹងទទួលភាពជោគជ័យ ព្រោះថាជោគជ័យរបស់វិស័យឯកជន គឺជាភាពជោគជ័យរបស់រាជរដ្ឋាភិបាល៕
ដោយ៖ គង់ សេដ្ឋាមុនី