ភ្នំពេញ៖ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានសហការជាមួយអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យឈ្មោះ ស ឃ ភេទប្រុស អាយុ៥១ឆ្នាំ ពាក់ព័ន្ធនឹងករណីឆបោក ក្រោមរូបភាពដាក់ប្រាក់វិនិយោគ ដែលផ្តល់ប្រាក់ចំណេញច្រើនត្រលប់មកវិញ។ នេះ បើតាមនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៅថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២៤។
បើតាមប្រភពដដែល ជនសង្ស័យជាសហចារីរូបនេះ ប្រើប្រាស់គណនីធនាគាររបស់ខ្លួនផ្ទាល់ ជាមធ្យោបាយ សម្រាប់ទទួលប្រាក់ឆបោកពីអ្នកវិនិយោគផ្សេងៗ រួចផ្ទេរប្រាក់ទាំងនោះទៅឱ្យបក្សពួករបស់ខ្លួនតាមរយៈគណនីធនាគារជាច្រើន។
បក្សពួករបស់ជនសង្ស័យ ប្រើប្រាស់បណ្តាញសង្គម ដោយដាក់តាំងរូបក្នុងប្រូហ្វាល់ (Profile) ក្លែងជា រូបស្រីស្អាត តាមគោលដៅដែលពួកគេតាមប្រមាញ់ ដោយនិយាយលួងលោមជនរងគ្រោះ ឱ្យជឿជាក់ព្រមដាក់ប្រាក់វិនិយោគ។បច្ចុប្បន្ន នាយកដ្ឋានបានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។
ជាមួយគ្នានេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានក្រើនរម្លឹកដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការជឿទុកចិត្តលើជនមិនស្គាល់អត្តសញ្ញាណច្បាស់លាស់តាមបណ្តាញសង្គមក្នុងការវិនិយោគ និងការផ្ទេរប្រាក់ណាមួយដែលមិនមានប្រភពច្បាស់លាស់៕