លោក ព្រាប កុល អតីតប្រធានអង្គការតម្លាភាពកម្ពុជា និងបច្ចុប្បន្នជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានចេញមុខបង្ហាញឯកសារឆ្លងឆ្លើយមួយចំនួន ជាមួយថ្នាក់ដឹកនាំគណៈកម្មការគ្រប់គ្រងក្រុមហ៊ុន CiC ដើម្បីចង់បញ្ជាក់ថា លោក មិនមានការជាប់ព័ន្ធជាមួយក្រុមហ៊ុន ដូចការចោទមួលបង្កាច់របស់ យ៉ង ប៉ាក់ និងការផ្សព្វផ្សាយរបស់សារព័ត៌មាន និងអ្នកវិភាគមួយចំនួននោះទេ ។
លោក ព្រាប កុល នៅថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៤ នេះ បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកថា៖«ដោយសាថ្មីៗនេះ មានក្រុមអ្នកវិភាគ និងសារព័ត៌មាននៅក្រៅប្រទេសមួយចំនួនបានព្យាយាមទាញភ្ជាប់រូបខ្ញុំទៅនឹងបញ្ហារបស់ CiC ដែលមានការផ្សព្វផ្សាយជាហូរហែរ ដោយលើកយកអំណះអំណាងប្រតិដ្ឋ មួលបង្កាច់ ចោទដោយគ្មានភស្តុតាងរបស់ជនជាប់ចោទ យ៉ង ប៉ាក់ ខ្ញុំបាទបានទទួលការអនុញ្ញាតពីថ្នាក់ដឹកនាំឱ្យផ្សព្វផ្សាយលិខិតឆ្លើយឆ្លងរវាងខ្ញុំ ជាមួយនិងប្រធានគណៈកម្មការគ្រប់គ្រង និងស្តារនៃក្រុមហ៊ុន CiC ដែលខ្ញុំបានចម្លងជូនថ្នាក់ដឹកនាំកំពូល»។
លោក ព្រាប កុល បន្តថា៖«ការផ្សព្វផ្សាយលិខិតឆ្លើយឆ្លងជាផ្លូវការនេះមានគោលបំណងបំភ្លឺដល់សាធារណ:ជនឱ្យបានជ្រាបច្បាស់អំពី “ភាពគ្មានការពាក់ព័ន្ធរបស់ខ្ញុំទៅនឹងបញ្ហារបស់ CiC” ដូចការចោទមួលបង្កាច់របស់ យ៉ង ប៉ាក់ និងការផ្សព្វផ្សាយរបស់សារព័ត៌មាន និងអ្នកវិភាគមួយចំនួន»។
លោក ព្រាប កុលប បញ្ជាក់ទៀតថា៖«លិខិតដែលមានចម្លងជូនថ្នាក់ដឹកនាំកំពូលនេះគួរអាចបញ្ជាក់ដល់សារធារណ:ជនបានជ្រាបជាព័ត៌មាន និងចៀសវាងការយល់ច្រឡំ ដោយសាការផ្សព្វផ្សាយណាមួយ ឬការលើកឡើងរបស់អ្នកវិភាគណាមួយដែលយកឈ្មោះខ្ញុំទៅលាយឡំ ដោយសំអាងព័ត៌មានប្រតិដ្ឋមួលបង្កាច់មកលើរូបខ្ញុំដោយជនជាប់ចោទ យ៉ង ប៉ាក់»។
បើតាម លោក ព្រាប កុល សំណុំរឿង យ៉ង ប៉ាក់ កំពុងស្ថិតក្នុងនីតិវីធីរបស់តុលាការ ដូច្នេះលោផក មិនទាន់អាចអត្ថាធិប្បាយ ឬបង្ហាញភស្តុតាង និងកំណត់ហេតុសារភាពរបស់ យ៉ង ប៉ាក់ បាននៅឡើយ។ លោក នឹងធ្វើសន្និសិទ្ធិសារព័ត៌មានពន្យល់លម្អិត ក្រោយពេលតុលាការបញ្ជប់សាវនាការនៃសំណុំរឿងនេះ។ លោក បន្ថែមថា៖«ខ្ញុំសូមអរគុណដល់បងប្អូនជនរួមជាតិ ដែលបានខ្វាយខ្វល់ និងសួរនាំមកខ្ញុំអំពីបញ្ហានេះ»។
កាលពីថ្ងៃទី១៥មករា ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Chivann Pen បានសរសេរថា លោក ព្រាប កុល ត្រូវបានគេសង្ស័យជាអ្នកទទួលខុសត្រូវធំបំផុត និងជាមេគំនិតនៃប្រតិបត្តិការ យកលុយចេញពីក្រុមហ៊ុនគ្រប់គ្រងមូលធនវិនិយោគមួយហៅកាត់ថា CIC។ តាមសំណេររបស់លោក Chivann Pen លោក ព្រាប កុល បានរៀបចំយកលុយចេញប្រមាណ ៨០លានដុល្លារពីក្រុមហ៊ុន CIC ក្នុងចំនួនទឹកប្រាក់សរុបប្រមាណ ១៣០លានដុល្លា។
ទោះយ៉ាងណា លោក ព្រាប កុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានចាត់ទុកសំណេររបស់លោក Chivann Pen ជារឿងមិនពិត ដោយថា លោកបានពឹងពាក់មេធាវីឲ្យដោះស្រាយសំណុំរឿងចោទប្រកាន់នេះ។ ភាគីមេធាវីរបស់លោក ព្រាប កុល បានជូនដំណឹងដល់ម្ចាស់គណនីហ្វេសប៊ុក Chivann Pen ឲ្យលុបសំណេរចោទប្រកាន់លោក ព្រាប កុល ពីបណ្តាញសង្គមហ្វេសប៊ុក និងទាមទារឲ្យសុំទោសជាសាធារណៈ។
តែភាគីម្ចាស់គណនីឈ្មោះ Chivann Pen បានអះអាងថា ខ្លួនមានភស្តុតាងគ្រប់គ្រាន់ដែលបញ្ជាក់ពីការជាប់ពាក់ព័ន្ធក្នុងការកិបកេងលុយជាង៨០លានដុល្លាររបស់លោក ព្រាបកុល។ ភស្តុតាងដែលលោក Chivann Pen បានលើកឡើងរួមមាន ចលនាសាច់ប្រាក់ក្នុងប្រព័ន្ធធនាគារ វីដេអូនៃការប្រជុំក្រុមប្រឹក្សាភិបាល និងឯកសារពាក់ព័ន្ធផ្សេងទៀតដែលផ្តល់ដោយអ្នកវិនិយោគ និងសមាជិកក្រុមប្រឹក្សាភិបាលនៃ CIC។
បើតាមម្ចាស់គណនីឈ្មោះ Chivann Pen ដដែល បើរឿងនេះត្រូវឡើងទៅតុលាការក៏ល្អដែរ ព្រោះនឹងអាចបង្ហាញ ជូនតុលាការឲ្យស៊ើបអង្កេតរឿងនេះ។
ជុំវិញបញ្ហានេះ លោក យ៉ង់ ប៉ាក់ ដែលសមត្ថកិច្ចអះអាងថា ប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះChivann Pen ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី ២២ ខែមករា តាមបណ្តឹងរបស់លោក ព្រាប កុល និង នៅថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៤ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានចេញដីកាបញ្ហាឱ្យនាំខ្លួនបុគ្គលឈ្មោះ យ៉ង់ ប៉ាក់ ជាអគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុនAgribee Cambodia មកបង្ហាញខ្លួននៅការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យានៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឱ្យបានមុនថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២៤ ដើម្បីសាកសួរពីដំណើររឿងញុះញង់ឱ្យមានការរើសអើងនិងបរិហារកេរ្តិ៍ជាសាធារណៈដែលប្តឹងដោយលោក ព្រាប កុល។
ក្រោយការសាកសួរ លោក យ៉ង់ ប៉ាក់ ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនក្នុងពន្ធនាគារបណ្តោះអាសន្ន ពាក់ព័ន្ធនឹងបទញុះញង់ឱ្យមានការរើសអើង និងបរិហារកេរ្តិ៍ជាសាធារណៈ ប្រព្រឹត្តនៅរាជធានីភ្នំពេញ ក្នុងខែមករា ឆ្នាំ ២០២៤ បទល្មើសមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ៣០៥ មាត្រា ៤៩៤ និងមាត្រា ៤៩៦ នៃក្រមព្រហ្មទណ្ឌ។
សំណុំរឿង ក្រុមហ៊ុន CiC នេះ ត្រូវបានគេរងចាំមើលចំណាច់ការដោះស្រាយ របស់អាជ្ញាធរមានសមត្ថកិច្ច និងថា្នក់ដឹកនាំរបស់ក្រុមហ៊ុន ខណៈមានជនរងគ្រោះជាច្រើនអះអាងថា ចាញ់ក្រុមហ៊ុនេះ ។ ជាមួយគ្នានេះ អ្នកឧកញ៉ា គួច ម៉េងលី បានអះអាងថា អ្នកឧកញ៉ា ក៏ចាញ់បោកក្រុមហ៊ុនេះ ជាង ៣០ ម៉ឺនដុល្លារ និងស្នើឱ្យសត្ថមត្ថកិច្ចបើកការស៊ើបអង្កេត ចំពោះថ្នាក់ដឹកនាំក្រុមហ៊ុន ដែលធ្វើ ឱ្យបាត់បង់លុយជាច្រើនរយលានដុល្លាររបស់ក្រុមហ៊ុន៕