សៀមរាប៖ ក្នុងរយៈពេល៣ខែ ឆ្នាំ២០២៤នេះ កម្ពុជាទទួលបានចំណូលជាង១៦លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីដ្ឋានអង្គរ, ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្លៀស។
សេចក្ដីប្រកាសព័ត៌មាន ស្តីពីស្ថិតិភ្ញៀវទេសចរបរទេស ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤បញ្ជាក់ថា ក្នុងរយៈពេល៣ខែ ឆ្នាំ២០២៤នេះ ភ្ញៀវទេសចរបរទេស ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកែរ មានចំនួន ៣៤៧,៥៣៤នាក់ កើន៤៧.០៥% និងទទួលបានចំណូល ១៦,៥៣៣,២៩៣ដុល្លារអាមេរិក កើនឡើង៤៨.៤៧% បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២៣។
បើតាម សេចក្តីប្រកាសព័ត៌មាននេះ រយៈពេល៣ខែ ឆ្នាំ២០២៤នេះ រដ្ឋាភិបាលបានឧបត្ថម្ភមូលនិធិ នៃមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា បានចំនួនសរុប ៦៩៥,០៦៨ដុល្លារអាមេរិក ពីចំណែកនៃការលក់បណ្ណ ជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយអង្គរ ដើម្បីជួយក្នុងមូលនិធិ សម្រាប់សង្គ្រោះជីវិតកុមារកម្ពុជា។
ឆ្នាំ២០២៣ ភ្ញៀវទេសចរបរទេស ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួនជាង៧៩ម៉ឺននាក់ ទទួលបានចំណូល៣៧ ១៩៨ ៩៨៨ ដុល្លារអាមេរិក កើនឡើងចំនួន២២២.៦៨ភាគរយ៕