រដ្ឋមន្ដ្រី ឌិត ទីណា ប្ដេជ្ញា​ធ្វើ​ឱ្យ​ខេត្ត​បន្ទាយ​មាន​ជ័យ មាន​សេវាសាធារណៈ​ល្អ​ដាច់​គេ

លោក រដ្ឋមន្ដ្រី ឌិត ទីណា ប្រធាន​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​បន្ទាយមានជ័យ បាន​ប្រកាស​ប្ដេជ្ញា​ធ្វើ​យ៉ាង​ណា​ឱ្យ​ខេត្ត​បន្ទាយ​មាន​ជ័យ ក្លាយ​ជា​ខេត្ត​ដែល​ល្អ​ដាច់​គេ​ក្នុង​ការ​ផ្ដល់​សេវា​សាធារណៈ​ជូន​ដល់​ប្រជាជន​។ ការប្រកាសរបស់រដ្ឋមន្ត្រីរូបនេះ ធ្វើឡើងនៅ​ក្នុង​កិច្ច​ប្រជុំ​ក្រុម​ការងារ​ចុះ​មូលដ្ឋាន​ស្រុក​ថ្ម​ពួក នា​រសៀល​ថ្ងៃ​អាទិត្យ ទី​២៤ ខែ​មីនា ឆ្នាំ​២០២៤​នេះ។

ថ្លែងទៅ​កាន់​អង្គ​ប្រជុំ លោក​រដ្ឋមន្ដ្រី​បាន​លើក​ទឹក​ចិត្ត​ដល់មន្ដ្រី​រាជការ​និងអាជ្ញាធរ​នៅ​ឃុំ​ទាំង​៦នៃ​ស្រុក បន្ត​យក​ចិត្ត​ទុក​ដាក់បម្រើ​ប្រជាជន​ឱ្យ​អស់​ពី​សមត្ថភាព​ និង​លទ្ធភាព។

លោក ឌិត ទីណា បាន​ប្ដេជ្ញា​ធ្វើ​ឱ្យ​ខេត្ត​បន្ទាយមានជ័យ មានសេវាសាធារណៈ​ល្អ​ដាច់​គេ តាម​រយៈ​ការ​រៀបចំ​ផ្ដល់​មន្ដ្រី​កិច្ច​សន្យា​បន្ថែម​ទៅ​កាន់​ស្រុក​នីមួយ​ៗ តាម​ចំនួន​ដែល​ចាំ​បាច់​។ ​សេវា​សាធារណៈដែល​ល្អ​និង​លឿន​រហ័ស សម្រាប់​ឯកឧត្តម​រដ្ឋមន្ដ្រី នឹង​ជួយ​សម្រួល​ដល់​​ប្រជាជន​នៅ​ក្នុង​មូលដ្ឋាន​នីមួយ​ៗ​​ ដែល​អាច​រួម​ចំណែក​ក្នុង​ការ​លើក​​កម្ពស់​ជីវភាព​ និង​សុខមាលភាព​របស់​ប្រជាជន​ឱ្យ​កាន់​តែ​ល្អ​ប្រសើរ​ឡើង។

សូមបញ្ជាក់ថា លោក រដ្ឋមន្ដ្រី ឌិត ទីណា កំពុង​ស្ថិត​នៅ​ក្នុង​ដំណើរ​បេសកកម្ម​រយៈ​ពេល​ពេញ​មួយ​សប្ដាហ៍ ដើម្បីជួប​ប្រជុំ​ជាមួយ​ក្រុម​ការងារ​ចុះ​មូលដ្ឋាន​នៅ​ស្រុក​ទាំង​៩ នៃ​ខេត្ត​បន្ទាយមានជ័យ​។ ស្រុក​ថ្ម​ពួក គឺ​ជា​ស្រុក​ទី​៤​ហើយ ដែល​ឯកឧត្តម​រដ្ឋមន្ដ្រី បាន​ជួប និង​​ស្ដាប់​របាយការណ៍ពី​សំណាក់​​សមត្ថកិច្ច​និងអាជ្ញាធរ​មូលដ្ឋាន៕