រឿងកាន់តែធ្ងន់ធ្ងរ! អ្នកឧកញ៉ា គួច ម៉េងលីជំរុញឱ្យមានការស៊ើបអង្កេតបន្ទាន់ករណីថ្នាក់ដឹកនាំក្រុមហ៊ុន CIC ដែលធ្វើឱ្យបាត់បង់ប្រាក់រាប់សិបលានដុល្លារ

ភ្នំពេញ៖  អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ជំរុញឱ្យអាជ្ញាធរមានសត្ថកិច្ច ចាប់ផ្តើម ស៊ើបអង្កេតបន្ទាន់នូវករណីថ្នាក់ដឹកនាំក្រុមហ៊ុន CIC Plc ដែលធ្វើឱ្យបាត់បង់ប្រាក់របស់ក្រុមហ៊ុនរាប់សិបលានដុល្លារ និងធ្វើឱ្យសមាជិករបស់ខ្លួនរងគ្រោះពីការផ្តល់ប្រាក់កម្ចី  ខណៈអ្នកនាំពាក្យក្រសួងយុត្តិធម៌ឱ្យជងរងគ្រោះដាក់ពាក្យបណ្តឹង ដើម្បីឱ្យអាជ្ញាធរមានសត្ថកិច្ចមានភស្តុតាងក្នុងការស៊ើបអង្កេត ។

ការជំរុញរបស់ អ្នកឧកញ៉ា គួច ម៉េងលីនេះ ធ្វើឡើង បន្ទាប់ក្រុមអ្នកវិនិយោគជាច្រើនរូបដែលដាក់លុយរកស៊ីនៅក្នុងក្រុមហ៊ុនខាងលើនេះ មិនទទួលបានការបង្វិលប្រាក់សងត្រឡប់ឱ្យខ្លួនវិញ។ ថ្នាក់ដឹកនាំនៃក្រុមហ៊ុនេះ មានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ជិត២០ រូប និងមាន លោក គុយ វ៉ាត ជាប្រធាន  ត្រូវបានអះអាងថា បានធ្វើឲ្យបាត់លុយរាប់សិបលានដុល្លារ ដែលជាលុយវិនិយោគនៅក្នុងក្រុមហ៊ុនCIC Plc។

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលីបានសរសេរសារជូនចំពោះអ្អ្នករងផលប៉ះពាល់ដោយសារក្រុមហ៊ុន CIC Plc នៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២៤បញ្ជាក់ថា «មូលនិធិត្រូវតែប្រមូលសងមកវិញ។  ករណីនេះត្រូវតែមានការស៊ើបអង្កេត! ប្រាក់រាប់សិបលានដុល្លារត្រូវបានបាត់បង់ ហើយគ្រួសារ និងជីវិតមនុស្សជាច្រើននាក់បានរងនូវផលប៉ះពាល់ និងការឈឺចាប់ដោយសារតែការក្លែងបន្លំទាំងនេះ»។

បើតាម អ្នកឧកញ៉ា គួច ម៉េងលីករណីនេះមិនគួរមើលរំលងជាដាច់ខាត ហើយយើងត្រូវតែធ្វើអ្វីមួយ។ សំណុំរឿងព្រហ្មទណ្ឌ គួរតែត្រូវចាប់ផ្ដើម ស៊ើបអង្កេត និងដោយបើកចំហរ។ ប្រាក់ពិបាករកខ្លាំងណាស់ ហើយជនល្មើសត្រូវតែទទួលខុសត្រូវយកមក កាត់ទោសតាមផ្លូវច្បាប់  និងទទួលទោសព្រហ្មទណ្ឌ!។

អ្នកឧកញ៉ា គួច ម៉េងលីសរសេរថា៖«យើងគ្រប់គ្នាត្រូវបន្តតស៊ូឱ្យអស់ពីលទ្ធភាព ដើម្បីតម្លាភាពនិងយុត្តិធម៌។ លទ្ធផលត្រូវតែមាន ដំណោះស្រាយត្រូវតែមាន!  ព្រោះថាឧក្រិដ្ឋជននៅតែមានសេរីភាពនៅឡើយ ហើយពួកគេកំពុងរស់នៅក្នុងជីវិតដ៏ឡូយឆាយ និងពោរពេញដោយសេរីភាព។ ប្រជាជនស្លូតត្រង់ជាច្រើនកំពុងរងទុក្ខវេទនា ខូចចិត្ត និងទទួលរងនូវផលអវិជ្ជមានដោយសារតែគម្រោងកេងបន្លំស្រដៀងគ្នានឹង Ponzi ដែលកំពុងតែកើតឡើងនៅគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា»។

អ្នកឧកញ៉ា គួច ម៉េង បានរៀបរាប់ទៀតថា៖«ប្រទេសកម្ពុជាមិនត្រូវបណ្តោយឱ្យមានរឿងបែបនេះកើតឡើងឡើយ ហើយ ប្រជាជនកម្ពុជាយើងក៏មិនត្រូវបាត់បង់ជំនឿជាដាច់ខាត។  ប្រទេសកម្ពុជាមិនអាចបន្តរស់នៅក្រោមការបំពុលបរិយាកាសសង្គម និងភាពមិនប្រក្រតីនានានៃបរិស្ថានសង្គមបែបនេះទៀតឡើយ។ ប្រសិនបើនៅតែបន្តបែបនេះ នោះប្រជាជនយើងនឹងបន្តរងនូវភាពអយុត្តិធម៌ ហើយក៏គ្មានសន្តិភាពក្នុងចិត្តផងដែរ»។

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានសង្កត់ទៀតថា ប្រសិនបើរឿងនេះនៅតែបន្តកើតមាន ហើយឧក្រិដ្ឋជនមិនត្រូវបាននាំមកកាត់ទោសតាមផ្លូវច្បាប់ទេ នោះវានឹងបង្កឱ្យកាន់តែមានភាពច្របូកច្របល់នៅក្នុងសង្គមរបស់យើង ដែលនាំឱ្យឈានទៅរកការបំផ្លិចបំផ្លាញនូវសក្ដានុពលផ្នែកមីក្រូ និងប្រព័ន្ធម៉ាក្រូសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាទាំងមូល។

អ្នកឧកញ៉ា បន្ថែមថា៖«ប្រសិនបើយើងទុកឱ្យជនបោកប្រាសមានឱកាសបន្តបំផ្លាញប្រជាជន និង សេដ្ឋកិច្ច នោះប្រទេសកម្ពុជានឹងការខូចខាតយ៉ាងធំនាពេលខាងមុន។ ប្រជាជនក៏នឹងបាត់បង់ជំនឿលើប្រព័ន្ធយុត្តិធម៌ និងទំនុកចិត្តលើសមត្ថភាពដឹកនាំរបស់រដ្ឋាភិបាលក្នុងការដោះស្រាយជាមួយនិងភាពអយុត្តិធម៌ដែលបង្កដោយសេរីពីសំណាក់ជនបោកប្រាស់មួយក្រុមតូចនៅក្នុងសង្គមរបស់យើង»។

អ្នកឧកញ៉ាបន្ថែមទៀតថា៖«ប្រសិនបើគ្មានចំណាត់ការណាមួយ ហើយឧក្រិដ្ឋជននូវតែបន្តរស់នៅដោយសេរីបែបនេះ នោះទំនុកចិត្តនឹងត្រូវបាត់បង់ទាំងក្នុងឆាកជាតិ ឆាកអន្តរជាតិ ហើយការវិនិយោគផ្ទាល់ពីបរទេសចូលមកក្នុងប្រទេសរបស់យើងនឹងរិតតែរងផលប៉ះពាល់កាន់តែខ្លាំង។ តោះ! ចូលរួមទាំងអស់គ្នា! សូមចាត់វិធានការនិងបើកការស៊ើបអង្កេតលើរឿងទាំងអស់នេះ។  មិនថា អ្នកមានខ្សែ ឬ អ្នកខ្លាំងប៉ុណ្ណានោះទេ សូមចូលរួមរកយុត្តិធម៌ជូនប្រជាជន រាប់សែននាក់ មុនពេលដែលបទល្មើសនេះរីករាលដាលកក្រើកពេញផ្ទៃប្រទេសរបស់យើង»។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២៤ នេះ ប្រាប់ថា ជាគោលការណ៍ច្បាប់ មិនមែនតែករណី ក្រុមហ៊ុន CIC នេះតែមួយនោះទេ បើសិនជា​ករណីផ្សេងៗទៀត មាន អំពើឆបោក និងមានអំពើល្មើស ជនងរងគ្រោះអាចដាក់ពាក្យបណ្តឹង  ហើយសហការជាមួយសមត្ថកិច្ចដើម្បីធ្វើការស៊ើបអង្កេត។

ទោះជាយ៉ាងណា ក្រុមហ៊ុន CIC បានចេញសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី២១ ខែមីនា ២០២៤ ដោយបានអះអាងថា ខ្លួន មិនដែលបានប្រកាសក្ស័យធុន និងមិនស្ថិតនៅក្នុងស្ថានភាពដែលត្រូវប្រកាសក្ស័យធុន ដូចការលើកឡើងក្នុងវីដេអូផ្សព្វផ្សាយ ឡើយ។ ក្រុមហ៊ុនបន្តទៀតថា បន្ទាប់ពីទទួលបានគោលការណ៍មិនជំទាស់ពី និយ័តករមូលបត្រកម្ពុជា (ន.ម.ក) ក្រុមប្រឹក្សាភិបាល និងគណៈគ្រប់គ្រងទាំងអស់របស់ក្រុមហ៊ុនត្រូវស្ថិតនៅក្រោមការដឹកនាំរបស់គណៈកម្មាការស្តារក្រុមហ៊ុននិងមូលនិធិ (គណៈកម្មការស្តារ) ដែលមានបេសកកម្មចម្បងក្នុងការដោះស្រាយវិបត្តិសន្ទនីយភាពសាច់ប្រាក់ ដោយតម្កល់ផលប្រយោជន៍របស់វិនិយោគិនជាអាទិភាព និងបន្តដំណើរការក្រុមហ៊ុនជាប្រក្រតីមកវិញ៕