ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣នៅក្រុងព្រះសីហនុតម្លៃជាង១៩ លានដុល្លារសម្ពោធដាក់ឱ្យដំណើការជាផ្លូវការ

ព្រះសីហនុ៖ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានតម្លៃជាង១៩ លានដុល្លារចំនួន  និងមានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ២០.០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ ត្រូវបានសម្ពោធដាក់ឱ្យដំណើការជាផ្លូវការ ។

ការសម្ពោធដាក់ឱ្យស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ នេះ ធ្វើឡើងនៅថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២៤ ក្រោមអធិបតីភាព លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងសម្តេចនាយករដ្ឋមន្ត្រី  ហ៊ុន ម៉ាណែត ។

នាឱកាសនោះ  លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើរបាយការណ៍សាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ ខេត្តព្រះសីហនុ មានស្ថានីយប្រព្រឹត្តកម្មទី១ ទី២ និងទី៣ គឺឆ្លើយតបទៅនឹងបញ្ហាប្រឈមរបស់ខេត្ត ក្នុងការបញ្ចេញកាកសំណល់ប្រើប្រាស់ដែលមានចំនួនច្រើន និងមានសារធាតុពុលអាចបង្កផលប៉ះពាល់ដល់បរិស្ថានជុំវិញ ដូចជាមនុស្ស សត្វ រុក្ខជាតិ ជីវៈចម្រុះ និងឆ្នេរសមុទ្រជាដើម។ល។

លោក គួច ចំរើនបន្ថែមថា៖« គោលបំណងបន្សុទ្ធទឹកកខ្វក់ ទឹកស្អុយឱ្យក្លាយជាទឹកដែលស្អាតស្របតាមស្តង់ដារបរិស្ថានមុននឹងបញ្ចេញចោលទៅសមុទ្រ ដោយប្រើបចេ្ចកវិទ្យាចុងក្រោយរបស់ MABR ទទួលស្គាល់ថា ជាបច្ចេកវិទ្យាមានស្ថេរភាព ប្រសិទ្ធភាពខ្ពស់។ សន្សំសំចៃថាមពលគ្មានសំឡេងរំខាន និងគ្មានក្លិនប៉ះពាល់ដល់អ្នករស់នៅជុំវិញ»។

លោក គួច ចំរើន សង្កត់ថា  ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ក្រោមអធិបតីភាពលោក ជា សុផារ៉ា និងបានស្ថាបនារួចរាល់ជាស្ថាពរ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣។ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ២០.០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ ទទួលរងទឹកកខ្វក់ពីតំបន់ទី៥ និងតំបន់ទី៦ មានផ្ទៃដី ២.៦៩០ហិកតា ស្ថិតក្នុងសង្កាត់លេខ៤ សាងសង់ដោយក្រុមហ៊ុន អិកវ៉ធើរ ថេកណឡជី (XWATER TECHNOLOGY CO.,LTD) ចំណាយថវិកា សរុបចំនួន ១៩.៩៥៩.៩០០ដុល្លារអាមេរិក។

បើតាម លោក គួច ចំរើន  ដំណើរការប្រព្រឹត្តកម្មទឹកកខ្វក់របស់ស្ថានីយ៍នេះ បែងចែកជា ៩ដំណាក់កាលសំខាន់ៗដូចជា ១.អាងចម្រោះបឋម ដកសំរាមទំហំធំជាង ២០mm និងបូមទឹកកខ្វក់បញ្ជូនទៅអាងចម្រោះទី២ ។ ២.អាងចម្រោះទី២ បន្តដកសំរាមធំជាង ១mm និងដកខ្សាច់ ដើម្បីធានានូវដំណើរការរបស់ MABR អោយមានប្រសិទ្ធភាពខ្ពស់។ ៣.អាង SELECTOR ទទួលភក់សកម្មប្រើប្រាស់ឡើងវិញ និងបន្តក់សារធាតុចិញ្ចឹមក្នុងករណីខ្វះភក់សកម្ម។ ៤.អាងភ្នាសជីវសាស្ត្រ (MABR) ជាស្នូលនៃដំណើរការប្រព្រឹត្តកម្មទឹកកខ្វក់ មាននាទីដកសារធាតុពុល។ ៥.អាង CAS ដកសារធាតុពុលដែលនៅសេសសល់។ ៦.អាងពង្រឹង CLARIFIER ញែកទឹក និងភក់សកម្ម។ ៧.អាងសំបុកឃ្មុំ (LAMELLAR) ធ្វើឱ្យទឹកថ្លា ដោយការប្រើប្រាស់សារធាតុបណ្ដុំកករ PAC និង PAM។ ៨.អាងបង្ខាប់ភក់ និងអាងស្តុកភក់ ភក់នេះត្រូវបានបញ្ជូនទៅម៉ាស៊ីនកៀបភក់។ ៩.ប្រព័ន្ធ UV កំចាត់បាក់តេរីដែលនៅសេសសល់។

ទាក់ទិននឹងបញ្ហានេះដែរ លោក  សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញកាត់ខ្សែបូសម្ពោធបើកឱ្យដំណើរការអាងប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ គឺជាសមិទ្ធផលពីអាណត្តិមុន ដែលជាការលះបង់ដ៏ត្រឹមត្រូវ និងការចង្អុលបង្ហាញពីអាណត្តិមុន ហើយអាណត្តិនេះយើងបានទទួលផ្លែផ្កា យើងត្រូវខិតខំប្រឹងប្រែងបន្តទៀត។

លោក សាយ សំអាល់ថ្លែងថា៖«ហើយមានហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងជាគំរូ ដែលមានផ្លូវឡាន ម៉ូតូ កង់ ផ្លូវដើរ ការដាំដើមឈើលម្អរក្រុង ការរៀបចំប្រព័ន្ធលូ ប្រព័ន្ធទឹកស្អាត ខ្សែកាបអ៊ុបតិក ជាគំរូមុនគេ។ យើងមានផែអន្តរជាតិមានសកម្មភាពរស់រវើក ព្រលានយន្តហោះ ភ្លើងអគ្គិសនី ទឹកស្អាត ហើយការរៀបចំក្រុងរបស់ខេត្តព្រះសីហនុ ទោះបីថា មិនទាន់ល្អឥតខ្ចោះ ក៏ប៉ុន្តែចេញជាលំនាំទីក្រុងស្អាតតូចច្រឡឹង ងាយស្រួលរស់នៅ ជាទីក្រុងដែលមានសេដ្ឋកិច្ចខ្ពស់»។

លោក សាយ សំអាល់បន្ថែមថា៖« យើងត្រូវរួមគ្នាដឹកនាំទៅមុខបន្តដំណើរការរបស់រដ្ឋាភិបាល សាមគ្គីភាព ឯកភាពផ្ទៃក្នុងរបស់រដ្ឋបាលគ្រប់លំដាប់ថ្នាក់ក្នុងខេត្តរបស់យើង រក្សាសន្តិសុខ សណ្តាប់ធ្នាប់ រក្សាកំណើនសេដ្ឋកិច្ច ទន្ទឹមនោះយើងត្រូវមានផែនការច្បាស់លាស់ និងចូលរួមផ្សព្វផ្សាយអំពីចំណុចវិជ្ជមានរបស់ខេត្តរបស់យើង ដែលមានហាងស្អាត ម្ហូបឆ្ងាញ់ កន្លែងស្នាក់នៅល្អ ដើម្បីទាក់ទាញអ្នកភ្នំពេញឱ្យមកលេងកម្សាន្ត»។

លោក សាយ សំអាល់សង្កត់ទៀតថា៖« យើងចង់ឱ្យមានថ្ងៃណា ក៏ជាល្ងាចថ្ងៃសុក្រសម្រាប់អ្នកកំពង់សោម ដូច្នេះមានតែយើងទាំងអស់គ្នាចូលរួមបង្ហោះ Facebook នូវតំបន់ទេសចរណ៍ ឆ្នេរ កោះ និងរមណីយដ្ឋានសំខាន់ៗឱ្យបានច្រើន។ ត្រូវលុបបំបាត់អាវុធជាតិផ្ទុះ គ្រឿងញៀនដែលជាយុទ្ធសាស្ត្រប្រកបដោយសុវត្ថិភាពមកកាន់ខេត្តព្រះសីហនុជាលក្ខណៈគ្រួសារ»៕