អាស៊ែបៃហ្សង់ចង់ឱ្យមានជើងហោះហើរត្រង់កម្ពុជា-អាស៊ែបៃហ្សង់

ភ្នំពេញ៖ លោក Shovgi Mehdizada ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ប្រចាំកម្ពុជាបានបង្ហាញចក្ខុវិស័យក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងគ្នាបន្ថែមទៀតលើវិស័យអប់រំ ទេសចរណ៍ និងវិស័យចំណីអាហារហាឡាល់ជាដើម។

លោក Shovgi Mehdizada  ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ប្រទេសវៀតណាមបានបង្ហាញចក្ខុវិស័យបែបនេះ ក្នុងពេលលោក  និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២២ ខែមីនា ឆ្នាំ ២០២៤។

ក្នុងឱកាសនោះ លោក ឯកអគ្គរដ្ឋទូត បានបង្ហាញចំណាប់អារម្មណ៍ក្នុងការរៀបចំឱ្យមានជើងហោះហើរត្រង់កម្ពុជា-អាស៊ែបៃហ្សង់ និងការរៀបចំឱ្យមានវេទិកាធុរកិច្ច ដើម្បីផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀតអំពីឱកាសវិនិយោគរវាងប្រទេសទាំងពីរ។

ក្នុងជំនួបនាឱកាសនេះដែរ លោកឧបនាយករដ្ឋមន្ត្រី និងលោក ឯកអគ្គរដ្ឋទូត បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេរភាគីរវាងប្រទេសទាំងពីរលើវិស័យជាច្រើននាពេលកន្លងមក ហើយជាមួយគ្នានេះ ឆ្នាំ២០២៤នេះ គឺជាខួប ៣០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងអាស៊ែបៃហ្សង់៕