សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើងថា ការប្រយុទ្ធប្រឆាំងគ្រឿងញៀនទាមទារឱ្យមានការចូលរួមពីសំណាក់ឱពុកម្តាយ និងអាណាព្យបាល បន្ថែមលើកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ការប្រយុទ្ធប្រឆាំងគ្រឿងញៀន។
ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៦ និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៧ កាលពីថ្ងៃទី៣១ មីនា ម្សិលមិញនេះ សម្តេច ស ខេង បានគូសបញ្ជាក់ថា ការប្រយុទ្ធប្រឆាំងគ្រឿងញៀននេះក៏ទាមទារជាចាំបាច់នូវការចូលរួមពីសំណាក់ឪពុកម្ដាយនិងអាណាព្យាបាល ធ្វើយ៉ាងណាខិតខំអប់រំកូនចៅរបស់ខ្លួនកុំឱ្យពាក់ព័ន្ធនឹងគ្រឿងញៀន។
សម្តេច បានបន្ថែមថា អាជ្ញាធរក៏ត្រូវខិតខំរិះរកវិធីសាស្រ្តផ្សព្វផ្សាយឱ្យមានប្រសិទ្ធភាព និងត្រូវអនុវត្តច្បាប់ឱ្យបានតឹងរឹងចំពោះជនជួញដូរគ្រឿងញៀន ក្នុងនោះការបន្តអនុវត្តវិធានការរដ្ឋបាលត្រួតពិនិត្យរកបទល្មើសគ្រឿងញៀននៅតាមគោលដៅប្រឈមខ្ពស់នានា ដូចជាទីតាំងកំសាន្តពេលរាត្រី ខុនដូ ផ្ទះសំណាក់ និងការដាក់គោលដៅត្រួតពិនិត្យតាមដងផ្លូវនៅពេលយប់ដើម្បីធានាបានការបង្ក្រាបប្រកបដោយប្រសិទ្ធភាពតាមគ្រប់មធ្យោបាយ។
ជាមួយគ្នានេះ សម្ដេចក៏បានណែនាំឱ្យបន្តទប់ស្កាត់ការចរាចរណ៍គ្រឿងញៀនឆ្លងកាត់ព្រំដេន លើកកម្ពស់សមត្ថភាព ក្រមសីលធម៌ និងវិជ្ជាជីវៈមន្រ្តីអនុវត្តច្បាប់ជាមួយនឹងការលើកទឹកចិត្តចំពោះមន្រ្តីមានស្នាដៃ។ សម្ដេចថាមន្រ្តីអនុវត្តច្បាប់បង្ក្រាបគ្រឿងញៀននេះពិតជាមានឆន្ទៈ និងមនសិការស្នេហាជាតិខ្ពស់ណាស់ ដ្បិតសម្ដេចទទួលស្គាល់ថាការបែងចែកថវិកាលើកទឹកចិត្តមន្រ្តីនៅមិនទាន់គ្រប់គ្រាន់ដូចឆន្ទៈរបស់រាជរដ្ឋាភិបាលនៅឡើយទេ ។
ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀននេះដែរ លោក ម៉ក់ ជីតូ អគ្គលេខាធិការរងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន គូសបញ្ជាក់ថា ក្នុងរយៈកាលចុងក្រោយ ជាពិសេសនៅឆ្នាំ២០២១កន្លងទៅ ក្រុមឧក្រិដ្ឋជនគ្រឿងញៀនបានឆ្លៀតឱកាសដឹកជញ្ជូនគ្រឿងញៀនពីតំបន់ត្រីកោណមាសចូលមកកម្ពុជាតាមផ្លូវគោក និងផ្លូវទឹក ដើម្បីបន្តនាំចេញទៅប្រទេសទី៣ និងជួញដូរក្នុងស្រុក ហើយថ្មីៗនេះសមត្ថកិច្ចបានរកឃើញទីតាំងផលិតកែច្នៃគ្រឿងញៀនជ្រកក្រោមស្លាករោងចក្រ សិប្បកម្ម តាមខុនដូរ និងបុរីជាដើម ។
លោក បន្តថា ក្នុងឆ្នាំ២០២១ កងកម្លាំងអនុវត្តច្បាប់បង្ក្រាបបទល្មើសគ្រឿងញៀនសរុប ៦,៣០៨ករណី ខណៈឆ្នាំ២០២០ បង្ក្រាបបាន១០,៤៦១ករណី ឃាត់ខ្លួនជនសង្ស័យសរុប១៣,៩៧៩នាក់ ខណៈឆ្នាំ២០២០មានចំនួន២១,៥៦៦នាក់ ។ សមត្ថកិច្ចក៏បានចាប់យកសារធាតុញៀនសរុបជាង៤តោន ៦៨៩គីឡូក្រាម ខណៈឆ្នាំ២០២០មានជាង៣តោន ៨៧៥គីឡូក្រាម ។ ដោយឡែកករណីគ្រឿងញៀនចាប់ពី១គីឡូក្រាមឡើងមាន៧៣ករណី ចាប់មេខ្លោង៣១នាក់ ខ្សែរយៈ១៣៣នាក់ និងសាធាតុញៀនសរុបជាង៤ពាន់គីឡូក្រាម៕