សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចុះហត្ថលេខាសម្រេចតែងតាំងលោក ជិន ប៊ុនធឿន នាយករងរដ្ឋបាលសាលារាជធានីភ្នំពេញ ជាអភិបាលខណ្ឌឬស្សីកែវ ជំនួសលោក ឯក ឃុនឌឿន ជាអភិបាលខណ្ឌឬស្សីកែវ ក្នុងមុខតំណែងបច្ចុប្បន្ន។ នេះបើយោងតាមអនុក្រឹត្យចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤។
អនុក្រឹត្យស្តីពីការតែងតាំងនេះ ត្រូវបានសម្តេចនាយករដ្ឋមន្រ្តី ចុះហត្ថលេខាតាំងពីខែមករា ឆ្នាំ២០២៤ ប៉ុន្តែទើបតែងត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤នេះ។
បើគ្មានអ្វីប្រែប្រួលនោះទេពិធីប្រកាសតែងតាំងលោក ជិន ប៊ុនធឿន ជាអភិបាលខណ្ឌឬស្សីកែវថ្មីនេះ គឺនឹងធ្វើឡើងនៅថ្ងៃទី១២ មីនា ខាងមុខនេះ។ ចំណែក ការដក លោក ឯក ឃុនឌឿន ពីអភិបាលខណ្ឌឬស្សីកែវ មិនទាន់ត្រូវបានគេដឹងមូលហេតុនៅឡើយទេ។ រីឯ លោក នឹងទៅកាន់តួនាទីអ្វីមួយនោះ ក៏មិនទាន់ដឹងដែរ។
សូមជម្រាបជូនថា លោក ឯក ឃុនឌឿន មុនកាន់តំណែងជាអភិបាលខណ្ឌឬស្សីកែវនេះ គឺលោកធ្លាប់កាន់តួនាទីជាអភិបាលខណ្ឌទួលគោក។ លោកត្រូវបានតែងតាំងជាអភិបាលខណ្ឌឬស្សីកែវកាលពីអំឡុងឆ្នាំ២០២១ ពោលគឺមានរយៈពេលត្រឹមតែបីឆ្នាំប៉ុណ្ណោះ។
រីឯ លោក ជិន ប៊ុនធឿន ក្រៅតែមានតួនាទីជា នាយករងរដ្ឋបាលសាលារាជធានីភ្នំពេញុ លោកក៏ជានាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា សាខារាជធានីភ្នំពេញផងដែរ។ មិនតែប៉ុណ្ណោះ លោក ជិន ប៊ុនធឿន មានស្នាដៃជាច្រើនលើវិស័យសង្គមកិច្ច មនុស្សធម៌ និង នយោបាយរបស់គណបក្សប្រជាជនកម្ពុជាផងដែរ៕