២ខែឆ្នាំនេះ កម្ពុជានាំចេញអង្ករ ជាង ៩ ម៉ឺន តោន

ភ្នំពេញ៖ ក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២៤នេះ កម្ពុជាបាននាំចេញអង្ករបាន ចំនួន ៩០១៥៣ តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៤០ ក្រុមហ៊ុន ទៅកាន់គោលដៅ ចំនួន ៥០ ។ នេះ ពើតាមសហព័ន្ធស្រូវអង្ករកម្ពុជា។

គោលដៅទាំង៥០នោះ រួមមាន បណ្តាប្រទេសនៅក្នុងសហគមន៍អឺរ៉ុប ចំនួន ២២ បានបរិមាណអង្ករ ចំនួន ៥១ ៣៣៣ តោន គិតជាទឹកប្រាក់ ចំនួន ៣៨.លាន៣៧ ដុល្លារអាមេរិក ទៅកាន់ប្រទេសក្នុងអាស៊ាន រួមទាំងទីម័រខាងកើត ចំនួន ៥ ប្រទេសបានបរិមាណ ចំនួន ១៨ ៧៥៣ តោន គិតជាទឹកប្រាក់ ១៣.៣៦ លានដុល្លារ ប្រទេសចិនចំនួន ១១០៨៣ តោន គិតជាទឹកប្រាក់ ៦.៨១ លានដុល្លារ និងទៅកាន់គោលដៅ១៣ផ្សេងទៀត អាហ្វ្រិក មជ្ឈឹមបូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន ។ល។ បាន ចំនួន ៨ ៩៨៤ តោន គិតជាទឹកប្រាក់ ចំនួន ៦.៩០ លានដុល្លារសហរដ្ឋអាមេរិក ។

ចំពោះប្រភេទអង្ករបាននាំចេញអង្ករក្រអូប ចំនួន ៨៤.៧២% ប្រភេទអង្ករសធម្មតា ១១.៥៣% អង្ករចំហ៊ុយ ២.១៧ % និង អង្ករសរីរាង្គចំនួន ១.៧០% ។ ប្រទេសកម្ពុជាក៏បាននាំចេញស្រូវ ចំនួន ១ ៣៦៨ ៣២២ តោន ដែលគិតជាទឹកប្រាក់បានប៉ាន់ប្រមាណជាង ៣ ៣៩៥.៧២ លានដុល្លារសហរដ្ឋអាមេរិក ដែលក្នុងនោះ ៦៥% បាននាំចេញដោយឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញ ពីអាជ្ញាធរមានសមត្ថកិច្ច ៕