នគរបាលឃាត់ខ្លួនជិត៩០នាក់ ក្នុងការបង្ក្រាបបទល្មើសព្រហ្មទណ្ឌ៤៤ករណីក្នុងសប្ដាហ៍កន្លងទៅនេះ

ភ្នំពេញ ៖ កម្លាំងនគរបាលជាតិ ក្រសួងមហាផ្ទៃទូទាំងប្រទេស បានបង្ក្រាបបទល្មើសព្រហ្មទណ្ឌចំនួន៤៤ករណី និងឃាត់ខ្លួនជនសង្ស័យបានចំនួន៨៩នាក់ ក្នុងរយៈពេលពេញមួយសប្ដាហ៍កន្លងទៅ ដោយគិតចាប់ពីថ្ងៃទី២៦ ខែកុម្ភៈ ដល់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤។ នេះបើតាមលោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ នៅថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២៤។

បើតាមលោក ទូច សុឃៈ (សុខៈ) ក្នុងចំណោមបទល្មើសព្រហ្មទណ្ឌសរុប ភាគច្រើនជាអំពើលួច ដែលមានចំនួន១៧ករណី បន្ទាប់មក គឺករណីហិង្សា ដែលមានចំនួន១១ករណី។ យ៉ាងណាក៏ដោយ បើធៀបនឹងសប្ដាហ៍កន្លងទៅ បទល្មើសព្រហ្មទណ្ឌក្នុងសប្ដាហ៍ចុងក្រោយនេះ បានថយចុះពី៦១ មកនៅត្រឹម៤៤ករណី។

កងកម្លាំងអនុវត្តច្បាប់ ជាពិសេសមន្រ្តីនគរបាលជាតិចាប់ពីអគ្គស្នងការដ្ឋាន រហូតដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ បានកំពុងបន្តយកចិត្តទុកដាក់ក្នុងការផ្សព្វផ្សាយអប់រំ បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស ដោយផ្អែកលើគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ដែលកំណត់អំពីការគ្មានបទល្មើសលួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស គ្មានអំពើហិង្សា និងក្មេងទំនើងជាដើម នៅគ្រប់ភូមិ ឃុំ និងសង្កាត់ទូទាំងប្រទេស។

ការបង្ក្រាបបទល្មើសព្រហ្មទណ្ឌ ជាទិសដៅអាទិភាពមួយក្នុងចំណោមទិសដៅអាទិភាពទាំង៦ ដែលលោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានប្រកាសបង្កើនការយកចិត្តទុកដាក់ដោះស្រាយចាប់ពីដើមនីតិកាលទី៧ នៃរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពម៉ឺងម៉ាត់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា៕