អូស្ត្រាលី-កម្ពុជាឯកភាពបង្កើត«ក្រុមប្រឹក្សាធុរកិច្ចកម្ពុជា

អូស្ត្រាលី៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង លោក Bran Black នាយកប្រតិបត្តិ នៃក្រុមប្រឹក្សាធុរកិច្ចអូស្ត្រាលី (Business Council of Australia)បានឯកភាពគ្នានៅក្នុងការ បង្កើតនូវយន្តការមួយបន្ថែមទៀតគឺ ក្រុមប្រឹក្សាធុរកិច្ចកម្ពុជា-អូស្រ្តាលី  (Cambodia-Australia’s Business Council) ដើម្បីសម្របសម្រួល និងអាចជំរុញវិស័យពាណិជ្ជកម្ម វិនិយោគរវាងកម្ពុជា និងអូស្រ្តាលី ។

ភាគីទាំងពីរបានឯកភាពបែបនេះ នៅក្នុងកិច្ចពិភាក្សាការងារ នៅថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០២៤  ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។ នាឱកាសនោះ សម្តេច ហ៊ុន ម៉ាណែត បានលើកទឹកចិត្តឱ្យក្រុមប្រឹក្សាធុរកិច្ចអូស្រ្តាលីបន្តធ្វើកិច្ចសហការទៅលើការរៀបចំនូវយន្តការនេះជាមួយនឹងក្រសួងពាណិជ្ជកម្មកម្ពុជាក៏ដូចជាសភាពាណិជ្ជកម្មកម្ពុជា ។

ក្នុងជំនួបនេះ លោក Bran Black នាយកប្រតិបត្តិ នៃក្រុមប្រឹក្សាធុរកិច្ចអូស្ត្រាលី (Business Council of Australia) បានលើកឡើងថា ក្រុមប្រឹក្សាធុរកិច្ចអូស្ត្រាលី តំណាងឱ្យវិស័យឯកជនដែលមានក្រុមហ៊ុនឯកជនធំៗ របស់អូស្ត្រាលីជាង ១២០ ក្រុមហ៊ុន ដោយផ្ដល់ឱកាសការងារ ជាង ១លាន កន្លែង។

លោក បានបន្ថែមថាថា  ក្រុមប្រឹក្សាធុរកិច្ចអូស្រ្តាលី  មានកិច្ចសហប្រតិបត្តិការជាមួយនឹងបណ្តាសមាគម និងក្រុមធុរកិច្ច ព្រមទាំងផ្នែកពាក់ព័ន្ធនានានៃរដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់ ដើម្បីសម្របសម្រួលក្នុងការធ្វើធុរកិច្ចររវាងវិស័យឯកជនអូស្ត្រាលីជាមួយនឹងបណ្តាប្រទេសនានា  ហេីយបច្ចុប្បន្ននេះក្រុមប្រឹក្សាធុរកិច្ចអូស្ត្រាលី បានទំនាក់ទំនងការងារជាមួយនឹងបណ្ដាប្រទេសជាច្រើន ដែលក្នុងនោះរួមមានបណ្ដាប្រទេសនៅក្នុងតំបន់អាស៊ានផងដែរ។

បន្ថែមពីនេះ លោកនាយកប្រតិបត្តិ បានបញ្ជាក់អំពីបំណងក្នុងការពង្រីកកិច្ចសហប្រតិបត្តិការជាមួយ ព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងធុរកិច្ច  និងពាណិជ្ជកម្មរវាងអូស្ត្រាលី  និងកម្ពុជាបន្ថែមទៀត។

ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែតថ្លែង ថា ជំនួបនាថ្ងៃនេះ ជាឱកាសដែលអាចជំរុញឱ្យវិស័យឯកជន នៃប្រទេសអូស្ត្រាលីស្វែងយល់ និងពង្រីកការវិនិយោគបន្ថែមទៀតនៅកម្ពុជាផងដែរ។ ទន្ទឹមនឹងនេះ សម្ដេចធិបតី បានសម្តែងនូវការស្វាគមន៍ និងក្តីរីករាយចំពោះបំណងរបស់ក្រុមប្រឹក្សាធុរកិច្ចអូស្ត្រាលីក្នុងការជំរុញនូវកិច្ចសហប្រតិបត្តិការរវាងក្រុមប្រឹក្សាធុរកិច្ច អូស្ត្រាលី ជាមួយនឹងកម្ពុជា។

ជាមួយគ្នានោះ សម្ដេច បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបើកចំហទ្វារស្វាគមន៍គ្រប់ធុរកិច្ច និងធ្វើជាស្ពានក្នុងការសម្របសម្រួល និងការធានានូវបរិយាកាសវិនិយោគនៅកម្ពុជាផងដែរ។ ជាងនេះទៅទៀត សម្តេចធិបតី ក៏បានបញ្ជាក់ជូនលោកនាយកប្រតិបត្តិក្រុមប្រឹក្សាធុរកិច្ចអូស្ត្រាលី  អំពីគោលនយោបាយ និងច្បាប់វិនិយោគថ្មីរបស់កម្ពុជា ដែលមានការលើកទឹកចិត្តដល់វិស័យឯកជន ដែលមកវិនិយោគនៅកម្ពុជា ស្របពេលដែលកម្ពុជាបានភ្ជាប់ទំនាក់ទំនងក្នុងកិច្ចសហប្រតិបត្តិការទៅក្នុងតំបន់ ក៏ដូចជាបណ្តាប្រទេសនានានៅក្នុងពិភពលោកតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងកម្រិតទ្វេភាគី និងពហុភាគី ផងដែរ។

សម្ដេចបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់យ៉ាងខ្លាំង និង លើកទឹក ចិត្តឱ្យមានការវិនិយោគផងដែរលេីវិស័យបច្ចេកវិទ្យាឌីជីថល គ្រឿងបង្គុំអគ្គីសនី និងគ្រឿងបង្គុំរថយន្ត រួមទាំងវិស័យកសិកម្ម និងវិស័យទេសចរណ៍ផងដែរ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា៕