ភ្នំពេញ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវបង្ក្រាបករណីឆបោកមានស្ថានទម្ងន់ទោស (ក្រុមមានការចាត់តាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា) កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១២៖៣៦នាទី នៅភូមិទឹកក្រហម ឃុំកណ្ដោល ស្រុកទឹកឈូ ខេត្តកំពត។ នេះ បើតាមនាយកដ្ឋានព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃនៅថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៤។
ករណី ឆបោកមានស្ថានទម្ងន់ទោស(ក្រុមមានការចាត់តាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា)ខាងលើនេះ បណ្ដាលឲ្យជនរងគ្រោះឈ្មោះ ថុន សុនៀវ ភេទស្រី អាយុ២៨ឆ្នាំ នៅភូមិទឹកក្រហម ឃុំកណ្ដោល ស្រុកទឹកឈូ ខេត្តកំពត ខាតបង់ប្រាក់ចំនួន៤,០០០ដុល្លារ។
ដោយជនល្មេីសជាក្រុមមានការចាត់តាំង មានគូកនច្រេីននាក់ បែងចែកភារកិច្ចរៀងៗខ្លួន ធ្វេីសកម្មភាពហែកគណនីធនាគារ យកទៅប្រេីប្រាស់ និងទិញគណនីធនាគារ ដេីម្បីផ្ទេរប្រាក់បន្ដ នៅពេលធ្វេីសកម្មភាព។ ជនល្មេីសបានធ្វេីសកម្មភាពឆបោកប្រាក់ពីជនរងគ្រោះឲ្យផ្ទេរចូលទៅក្នុងគណនីធនាគារដែលហែកបាន រួចផ្ទេរប្រាក់បន្ដទៅគណនីដែលបានទិញជាបន្ដបន្ទាប់ទៀត ដែលមានឈ្មោះ ចាប សាវី ហៅបុក ភេទស្រី អាយុ៣៩ឆ្នាំ រស់នៅភូមិពោធិ ឃុំសំពងជ័យ ស្រុកជេីងព្រៃ ខេត្តកំពង់ចាម ជាអ្នកប្រមូលទិញគណនីធនាគារ។
ក្រោយពីទទួលបានបណ្តឹងរបស់ជនរងគ្រោះ កម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តកំពត បានស្នើមកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីសុំធ្វើការសហការការស្រាវជ្រាវ ដោយតាមនីតិវិធី និងជំនាញរហូតកំណត់បានទីតាំងលាក់ខ្លួនរបស់ជនសង្ស័យខាងលើ។
ដោយអនុវត្តតាមបទបញ្ជារបស់លោក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង១១៖៣០នាទី កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោក ហ៊ុន មុន្នីរ័ត្ន និងលោក ហែម បូណា អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពត ដោយបានឃាត់ខ្លួនឈ្មោះ ចាប សាវី ហៅបុក ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ នៅចំណុចភូមិព្រៃព្រីង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តកំពត ដែលជាម្ចាស់ករណី ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕