គ.ជ.បបិទផ្សាយជាសាធារណៈនូវលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោត ព្រឹទ្ធសភា នៅថ្ងៃនេះ

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី ២៩ ខែកុម្ភៈ ឆ្នាំ ២០២៤ នេះ បានផ្សព្វផ្សាយជាសាធារណៈនូវលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ដោយបានធ្វើការបិទផ្សាយនៅទីស្ដីការ គ.ជ.ប និងបង្ហោះផ្សាយនៅលើគេហទំព័រ គ.ជ.ប www.nec.gov.kh កម្មវិធីទូរសព្ទដៃ (App) CamNEC News ព្រមទាំងតាមទំព័របណ្ដាញសង្គមផ្សេងៗទៀតរបស់ គ.ជ.ប ។

បើតាម គ.ជ.ប ទន្ទឹមនឹងនេះ គ.ជ.ប ក៏ចាត់ចែងលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ច្បាប់ដើម សម្រាប់ទូលថ្វាយ ព្រះមហាក្សត្រ និងផ្ញើជូនក្រុមប្រឹក្សា-ធម្មនុញ្ញ ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងគណបក្សនយោបាយដែលចូលរួមក្នុងការបោះឆ្នោត។

ផ្អែកតាមច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត គណបក្សនយោបាយដែលឈរឈ្មោះបោះឆ្នោតក្នុងភូមិភាគ ឬតំណាង មានសិទ្ធិប្ដឹងតវ៉ាទៅនឹងលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោតមួយផ្នែក ឬទាំងអស់ ជាលាយលក្ខណ៍អក្សរនៅ គ.ជ.ប ឬទៅក្រុមប្រឹក្សាធម្មនុញ្ញដោយផ្ទាល់ ក្នុងរយៈពេល ៧២ ម៉ោងយ៉ាងយូរ បន្ទាប់ពីការប្រកាសលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោត។

បើតាមលទ្ធផលបឋម នៃការបោះឆ្នោតជ្រើសតាំ ងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលបានប្រព្រឹត្តទៅនា ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលគណៈកម្មាធិការជាតិ រៀប ចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសផ្សព្វ ផ្សាយ បានបង្ហាញឲ្យដឹងថា គណបក្សប្រជាជនកម្ពុជា ទទួលបាន សំឡេងគាំទ្រយ៉ាងច្រើនលើសលប់នៅក្នុងមណ្ឌលភូមិភាគទាំង៨ ដោយទទួលបានសំឡេងឆ្នោតសរុបចំនួន ១០,០៥២សំឡេង និងទទួលបានអាសនៈចំនួន ៥៥អាសនៈ និងគណបក្សឆន្ទៈខ្មែរ ទទួលបានសំឡេងឆ្នោត ១,៣៩៤សំឡេងទទួលបានអាសនៈចំនួន ៣អាសនៈ។ ចំណែកគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សកម្លាំងជាតិ មិនទទួលបានអាសនៈនោះទេ៕