ភ្នំពេញៈ លទ្ធផលបឋម នៃការបោះឆ្នោតជ្រើសតាំ ងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលបានប្រព្រឹត្តទៅនា ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលគណៈកម្មាធិការជាតិ រៀប ចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសផ្សព្វ ផ្សាយ បានបង្ហាញឲ្យដឹងថា គណបក្សប្រជាជនកម្ពុជា ទទួលបាន សំឡេងគាំទ្រយ៉ាងច្រើនលើសលប់នៅក្នុងមណ្ឌលភូមិភាគទាំង៨ ដោយទទួលបានសំឡេងឆ្នោតសរុបចំនួន ១០,០៥២សំឡេង និងទទួលបានអាសនៈចំនួន ៥៥អាសនៈ និងគណបក្សឆន្ទៈខ្មែរ ទទួលបានសំឡេងឆ្នោត ១,៣៩៤សំឡេងទទួលបានអាសនៈចំនួន ៣អាសនៈ។ ចំណែកគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សកម្លាំងជាតិ មិនទទួលបានអាសនៈនោះទេ។
លោក ប្រាជ្ញ ចន្ទ ប្រធានគ.ជ.ប នៅក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៤ បញ្ជាក់ថា លទ្ធផលនៃការបោះឆ្នោតនឹងត្រូវបានត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបក្នុងរាជធានី ខេត្តដោយ គធ.ខប យ៉ាងត្រឹមត្រូវតាមប្រមាណវិធីដោយដៃ និងតាមកុំព្យូទ័រ ដែលកំណត់ដោយ គ.ជ.ប ដើម្បីផ្ញើជូន គ.ជ.ប ដើម្បីពិនិត្យបញ្ជាក់ភាពត្រឹមត្រូវ និងសម្រេចជាលទ្ធផលបណ្តោះអាសន្ន និងលទ្ធផលផ្លូវការ។
លោក បន្ថែមថា ផ្អែកតាមប្រតិទិននៃការបោះឆ្នោត គ.ជ.ប នឹងបិទផ្សាយលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោត នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ហើយប្រសិនបើគ្មានពាក្យបណ្តឹងតវ៉ា ឬពាក្យបណ្តឹងជំទាស់នឹងលទ្ធផលបណ្តោះអាសន្ននេះ លទ្ធផលផ្លូវការអាចនឹងប្រកាសនៅចន្លោះពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤។
លោក ប្រាជ្ញ ចន្ទ សង្កត់ថា ជារួម បរិយាកាសទូទៅជុំវិញការបោះឆ្នោតមានសភាពល្អប្រសើរ ដែលបង្កលក្ខណៈដល់ការបោះឆ្នោតប្រព្រឹត្តទៅដោយរលូន គ្មានអំពើហិង្សា គ្មានការគំរាមកំហែង និងពុំមានសកម្មភាពធ្វើឱ្យរាំងស្ទះដល់ដំណើរការបោះឆ្នោតឡើយ។ យើងអាចចាត់ទុកការបោះឆ្នោតនេះ ជាការប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងទទួលបានលទ្ធផលជោគជ័យគួរជាទីមោទនៈ។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រាប់ សារព័ត៌មាន Khmer CM នៅថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៤ នេះ ថា ដំណើការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា កាលពីម្សិលមិញនេះ បានប្រព្រឹទ្ធទៅដោយលូន ។ លោកបន្ថែមថា ជាមួយគ្នានោះ អវត្តមានអង្គបោះឆ្នោត ចំនួន ១៧ នាក់ និង មានការិយាល័យចំនួន ១១ ក្នុងចំណោម ការិយាល័យ ៣៣ បានបិទ និងបន្តនីតិវិធីរាប់សន្លឹកឆ្នោត នៅមុនម៉ោង ៣ ។
លោក ហង្ស ពុទ្ធាថ្លែងថា៖«អីចឹង ជាមួយនឹងបញ្ជីបោះឆ្នោតជា១១៧៤៧ នាក់ អវត្តមាន ១៧ នាក់ មានន័យថា អ្នកចេញទៅបោះឆ្នោត គឺមានដល់ ៩៩. ៨៦ % និងមាបណ្តឹងតវានោះទេ »៕