ប្រធានក្រុមហ៊ុន HUAWEI ប្រចាំតំបន់ប៉ាស៊ីហ្វិក មានបំណងចង់នាំបច្ចេកវិទ្យាចុងក្រោយបំផុតមកកម្ពុជា

លោក លីន បៃហ្វេង (Lin Baifeng) ប្រធានក្រុមហ៊ុន HUAWEI ប្រចាំតំបន់ប៉ាស៊ីហ្វិក បានអះអាងថា ក្រុមហ៊ុនលោកមានបំណងចង់នាំបច្ចេកវិទ្យាចុងក្រោយបំផុតមកកម្ពុជា ខណៈដែលសេដ្ឋកិច្ចឌីជីថលនៅកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំង ហើយកម្ពុជាបានប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាស្ទើរគ្រប់វិស័យ។

យោងតាមផេកផ្លូវការរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហោះនៅថ្ងៃទី២៤ មីនានេះ បានឱ្យដឹងថា ក្នុងជំនួបជាមួយសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា លោក លីន បៃហ្វេង បានអរគុណចំពោះសម្តេចនាយករដ្ឋមន្រ្តី ចំពោះការគាំទ្រក្រុមហ៊ុនរបស់លោករយៈពេលជាង ២៣ឆ្នាំកន្លងមក។

ជាមួយគ្នានេះ ភាគីក្រុមហ៊ុនក៏ស្នើសុំការគាំទ្រពីសម្តេចនាយករដ្ឋមន្រ្តី ក្នុងការចូលរួមចំណែកអភិវឌ្ឍវិស័យព័ត៌មានវិទ្យា តាមរយៈការអភិវឌ្ឍធនធានមនុស្ស នាំមកនូវបច្ចេកវិទ្យាចុងក្រោយបំផុតមកកម្ពុជា និងរៀបចំហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់បណ្ដាញព័ត៌មានវិទ្យា និងតភ្ជាប់រវាងប្រជាជន និងប្រជាជន ប្រកបដោយសុវត្ថិភាព និងអធិបតេយ្យភាព។

ឆ្លើយតបនឹងការលើកឡើងរបស់ភាគីក្រុមហ៊ុន សម្តេច ហ៊ុន សែន បានស្វាគមន៍ និងលើកទឹកចិត្តដល់លោក លីន បៃហ្វេង ក្នុងការបន្តធ្វើការជាមួយ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បន្តជួយបណ្ដុះបណ្ដាលធនធានមនុស្ស និងបន្តធ្វើយ៉ាងណាឲ្យកម្ពុជាទទួលបាននូវបច្ចេកវិទ្យាចុងក្រោយបំផុតដែលធានាបាននូវសុវត្ថិភាព និងអធិបតេយ្យភាព ព័ត៌មានផង និងមានការប្រកួតប្រជែងលើពិភពលោកផង៕