សម្តេច ហ៊ុន ម៉ាណែតព្រមានដល់ក្រុមអ្នកផលិតមាតិកាវីដេអូផ្សេងៗ ដែលធ្វើឱ្យប៉ះពាល់មុខមាត់កម្ពុជា

ភ្នំពេញ៖ សម្តេច ហ៊ុន ម៉ាណែត ប្រមុខនៃរាជរដ្ឋាភិបាលបានព្រមានធ្ងន់ៗ ទៅ ដល់ក្រុមអ្នកផលិតមាតិកាវីដេអូផ្សេងៗ ដែលធ្វើឱ្យប៉ះពាល់មុខមាត់កម្ពុជា ត្រូវបញ្ឈប់សកម្មភាពជាបន្ទាន់ បើមិនដូច្នេះទេ កម្ពុជានឹងអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងចំពោះករណីនេះ។​

សម្តេច ហ៊ុន ម៉ាណែតបានព្រមានបែបនេះ ក្នុងពេល សម្តេច ចូលរួមនៅក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ស្ថិតក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤។

សម្តេច ហ៊ុន ម៉ាណែត បានរំលឹកថាស កម្ពុជាមិនអាចអត់ឱនឱ្យបានទេ ចំពោះជនជាតិចិនតៃវ៉ាន់ពីរនាក់ ដែលបានផលិតមាតិកាវីដេអូប្រឌិត ធ្វើឱ្យខូចមុខមាត់ និង​កិត្តិយស​កម្ពុជា តាមរយៈការផលិតវីដេអូចាប់ជំរិត និងវីដេអូប្រឌិតជាច្រើនទៀត ដូច្នេះមិនអាចឱ្យមានការអន្តរាគមន៍ជាដាច់ខាត។

សម្តេច ហ៊ុន ម៉ាណែត បានថ្លែងថា៖« កម្ពុជាគ្មានជម្រើសទេ ត្រូវតែចាប់ជនជាតិតៃវ៉ាន់២នាក់នោះ ដែលបានបំផ្លាញកិត្ដិយសរបស់កម្ពុជាយ៉ាងធ្ងន់ធ្ងរបំផុត តាមរយៈការថតរឿងចាប់ជំរិត ដើម្បីគ្រាន់តែចង់បាន View នៅលើប្រព័ន្ធអនឡាញ»។

ជាមួយគ្នានោះ សម្តេច ហ៊ុន ម៉ាណែត ក៏បានព្រមានដល់ពលរដ្ឋនៅប្រទេសផ្សេងទៀត ដែលមានបំណងចង់យកកម្ពុជា ដើម្បីធ្វើអាជីវកម្មផ្ទាល់ខ្លួន នឹងត្រូវចាប់ដាក់ឃុំខ្លួន ក្នុងពន្ធនាគារចំនួន ២ ឆ្នាំ បន្ទាប់មកបណ្ដេញចេញពីកម្ពុជា ហើយនឹងត្រូវដាក់ក្នុងបញ្ជីខ្មៅ មិនឱ្យចូលមកកម្ពុជាមួយជីវិតថែមទៀត។

បើតាមហ៊ុន ម៉ាណែត ប្រទេសកម្ពុជាយើងទទួលបានការយល់ច្រឡំដោយសារ ប្រព័ន្ធផ្សាយផ្សាយបរទេសមួយចំនួនដែលផ្សាយមិនបានគ្រប់ជ្រុងជ្រោយ និងបំផ្លាញមុខមាត់កម្ពុជា តាមរយៈការសម្តែងរឿងចាប់ជំរិត ការបូមឈាមលក់ ការដូរក្រលៀន និងការជួញដូរគ្រឿងញៀនជាដើម ដែលទង្វើទាំងអស់នេះ បានប៉ះពាល់ខ្លាំងណាស់ដល់ប្រទេសកម្ពុជា។

នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក ហ៊ុន ម៉ានី នៅថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២៤ នេះ លោក ហ៊ុន ម៉ានី បានចាត់ទុកករណីនេះ ជាការរៀបចំសេណារីយោថត ដែលមានចេតនាទុច្ចរិតសុទ្ធសាធ របស់ជនបរទេសទាំង២នេះ ក្នុងការមួលបង្កាច់នូវអ្វីដែលជាស្ថានភាពជាក់ស្តែងនៅព្រះរាជាណាចក្រកម្ពុជា ដែលកំពុងមានភាពសុខសាន្តក្រោមម្លប់នៃសន្តិភាព»។

លោក ហ៊ុន ម៉ានីបានបន្តថា៖«ទង្វើទាំងអស់នេះ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរមកលើកិត្តិយស និងមុខមាត់របស់ព្រះរាជាណាចក្រកម្ពុជា ដែលមិនអាចអត់ឱនឱ្យបានឡើយ។ ខ្ញុំសង្ឃឹមថា នឹងមិនមានអំពើបែបនេះកើតឡើងសារជាថ្មីម្តងទៀតនោះទេ»។

លោក ហ៊ុន ម៉ានីបន្ថែមថា៖« ខ្ញុំសូមគាំទ្រដល់រាជរដ្ឋាភិបាល ចំពោះវិធានការម៉ឺងម៉ាត់ ក្នុងការបង្រ្កាបបទល្មើសទាំងអស់នេះ ដើម្បីជាសារព្រមាន ដោយមិនអនុញ្ញាតឱ្យមានអំពើទុច្ចរិតបែបនេះត្រូវបានប្រព្រឹត្ត នៅអនាគត មិនថាប្រព្រឹត្តដោយជនបរទេសពីប្រទេសណាមួយនោះទេ»។

ទន្ទឹមនឹងនេះ  លោក ហ៊ុន ម៉ានី បាន អំពាវនាវដល់ជនរួមជាតិ និងមិត្តភក្តិទាំងអស់ចូលរួមទប់ស្កាត់ការចែកចាយ និងផ្សព្វផ្សាយមាតិកាដែលមានលក្ខណៈបំភ្លៃការពិត និងមានចរិតញុះញង់ឱ្យមានការយល់ច្រលំមកលើសង្គមជាតិរបស់យើង។

របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៤ បញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានធ្វើការឃាត់ខ្លួនជនជាតិចិនតៃវ៉ាន់ចំនួន​ ២នាក់​ នៅបន្ទប់ខុនដូមួយកន្លែង ដែលមានទីតាំងស្ថិតក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្រោយពួកគេរួមគ្នាផលិតវីដេអូក្លែងក្លាយ ដើម្បីទាក់ទាញការចាប់អារម្មណ៍ នៅលើបណ្ដាញសង្គមនានា ពិសេសបណ្ដាញសង្គម TikTok ដែលមានអ្នកគាំទ្រ និងចុចឡាយ រហូតដល់ជាង៥លាននាក់ ។  វីដេអូដែលពួកគេផលិតនោះ មានដូចជា ការប្រឌិតជាខ្មោចលងនៅតាមសណ្ឋាគារទុកចោល​ និងទីតាំងផ្សេងៗទៀត​ នៅក្នុងមូលដ្ឋានខេត្តព្រះសីហនុ។

របាយការណ៍ដដែលបន្ថែមថាតាមរយៈវីដេអូប្រឌិតទាំងអស់នេះ បានធ្វើឲ្យមហាជនមានការភ័យខ្លាច និងយល់ច្រឡំ ពិសេសអ្នកដែលរស់នៅក្រៅប្រទេស ដែលមានបំណងមកលេងកម្សាន្ដ​ ក៏ដូចជាមកទេសចរណ៍ក្នុងខេត្តព្រះសីហនុ។ ដែលធាតុពិតមិនមានហេតុការណ៍នេះកើតឡើងទេ​ ដោយជនសង្ស័យធ្វើដើម្បីទាក់ទាញការចូលមើល ឬដើម្បីបាន View ច្រើនតែប៉ុណ្ណោះ ។

ក្រោយការឃាត់ខ្លួនជនសង្ស័យទាំង​ ២នាក់​ ខាងលើ​ កម្លាំងសមត្ថកិច្ចជំនាញ បានដកហូតស្រោមមុខខ្មោច,​ កាំភ្លើងជ័រ,​ សំលៀកបំពាក់ទាហានប៉ារ៉ា,ទូរស័ព្ទដៃ​,​ សម្ភារឧបករណ៍ផលិតVideo Live និងសម្ភារបម្រើឲ្យការថតវីដេអូមួយចំនួន។ បច្ចុប្បន្នជនសង្ស័យទាំង​ ២នាក់​ ខាងលេី​ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន ដេីម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ​ ចាត់ការតាមនីតិវិធីច្បាប់។

ជាមួយគ្នានោះ នៅក្នុងសន្និសីទសារព័ត៌មាន បង្ហាញអំពីប្រតិបត្តិការចាប់ខ្លួនចិនតៃវ៉ាន់២នាក់ខាងលើនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បញ្ជាក់ថា  ចំពោះវិធានការច្បាប់ចំពោះជនសង្ស័យចិនតៃវ៉ាន់ទាំងពីរនាក់នេះ ត្រូវបានអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុត ដោយបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីផ្ដន្ទាទោសតាមច្បាប់របស់កម្ពុជា រួចទើបបណ្ដេញចេញទៅកាន់ប្រទេសដើមវិញ។

ជាមួយគ្នានេះ លោក គួច ចំរើន ក៏បានផ្ញើសារទៅកាន់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ ដែលកំពុងដើរលេងកម្សាន្ដ ឬបម្រុងមកកម្សាន្ដនៅប្រទេសកម្ពុជា ពិសេសខេត្តព្រះសីហនុ សូមកុំមានការព្រួយបារម្ភ ពោលសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពត្រូវបានធានាយ៉ាងល្អប្រសើរ ហើយអាចដើរលេងកម្សាន្ដដោយគ្មានការភ័យខ្លាចអ្វីឡើយ។

បន្ថែមពីនេះ លោកក៏បានអំពាវនាវដល់អ្នកសារព័ត៌មាន ត្រូវចូលរួមលុបបំបាត់ព័ត៌មានក្លែងក្លាយ ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសន្ដិសុខសណ្ដាប់ធ្នាប់ នៅក្នុងប្រទេសកម្ពុជាឲ្យបានទាំងអស់គ្នា ពោលត្រូវចូលរួមផ្សព្វផ្សាយនូវអ្វីដែលជាគោលដៅទេសចរណ៍ ទៅកាន់មជ្ឍដ្ឋានជាតិ និងអន្ដរជាតិ សំដៅទាក់ទាញភ្ញៀវទេសចរដើម្បីចូលមកកម្សាន្ដ។

នៅថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២៤ដដែលនោះ សាលាដំបូង ខេត្តព្រះសីហនុ  បានសម្រេចផ្តន្ទាទោសជនជាតិចិនតៃវ៉ាន់ចំនួន ២នាក់ ទាំងនោះ ដាក់ពន្ធនាគារចំនួនពីរឆ្នាំ និងពិន័យជាប្រាក់ក្នុងម្នាក់ៗចំនួន ៤លានរៀល ពីបទល្មើសញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤៕