ប្រធានាធិបតីមហាយក្សចិន លោក ស៊ី ជិនពីង បានប្រកាសគាំទ្រសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងជាប្រធានអាស៊ានរបស់កម្ពុជាលើបញ្ហានៅក្នុងតំបន់ និងលើពិភពលោក។ ជាក់ស្តែងលោកក៏បានប្រកាសគាំទ្រការធ្វើដំណើរទស្សនកិច្ចរបស់សម្តេច ហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា កាលពីខែមករា កន្លងទៅនេះ។
យោងតាមការបង្ហោះក្នុងផេកផ្លូវការសម្តេច ហ៊ុន សែន នៅយប់ថ្ងៃទី១៨ មីនានេះ ក្នុងជំនួបតាមទូរស័ព្ទទ្វេភាគីរវាងសម្តេច ហ៊ុន សែន និងលោក ស៊ី ជិនពីង លោកប្រធានាធិបតីចិន បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់សម្តេច ហ៊ុន សែន មានសារៈសំខាន់ក្នុងចូលរួមចំណែកដោះស្រាយបញ្ហារបស់មីយ៉ាន់ម៉ា ដែលជាមធ្យោបាយចូលរួមដំណោះស្រាយតាមផ្លូវអាស៊ាន។
និយាយពីបញ្ហាអាស៊ាន និងចិន វិញ លោក ស៊ី ជិនពីង បានគូសបញ្ជាក់ថា ដោយសារអាស៊ាន និងចិន ទើបនឹងដំឡើងកម្រិតទំនាក់ទំនងរបស់ខ្លួន ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកាលពីឆ្នាំ២០២១នោះ ចិនគាំទ្រកម្ពុជាក្នុងការធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២នេះ។ ជាពិសេសគាំទ្រតួនាទីប្រធានអាស៊ានរបស់កម្ពុជា លើបញ្ហានៅក្នុងតំបន់ និងលើពិភពលោក។
លោក ស៊ី ជិនពីង បានបន្ថែមថា អាស៊ាន និងចិន ត្រូវធ្វើយ៉ាងណារួមចំណែករក្សាសន្តិភាព ស្ថេរភាព ការអភិវឌ្ឍ និងវិបុលភាពនៅក្នុងតំបន់ ជាពិសេសធ្វើយ៉ាងណាពង្រីកនូវកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងចិន៕