តុលាការខេត្តព្រះសីនុ សម្រេច ឃុំខ្លួនជនជាតិចិន ២ នាក់ក្នុងម្នាក់ ២ ឆ្នាំ និង ពិន័យជាប្រាក់ ៤ លានរៀល ពាក់ព័ន្ធករណីផលិតវីដេអូក្លែងក្លាយ

ព្រះសីហនុ៖ សាលាដំបូខេត្តព្រះសីហនុ នៅថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ ២០២៤ នេះ បានសម្រេចឃុំ ខ្លួន ជនជាតិ ចិន ២នាក់ ដាក់ពន្ធនាគារ ក្នុងមា្នក់ៗ រយៈពេល ២ ឆ្នាំ និង ពិន័យជាប្រាក់ក្នុងមា្នក់ៗ ចំនួន ៤ លានរៀល ពីបទញុះញង់ បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់អសន្តិសុខសង្គម ប្រព្រឹត្តនៅខេត្តព្រះសីហនុ​កាលពីថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៤  (ផលិតវីដេអូក្លែងក្លាយ)។

ជនជាតិចិនទាំងពីរនាក់ មានឈ្មោះ Chen Neng Chuan ភេទប្រុស អាយុ ៣១ ឆ្នាំ ជនជាតិចិនតៃវ៉ាន់ និង ឈ្មោះ  Lu Tsu Hsien ភេទប្រុស អាយ ៣៤ ឆ្នាំ​ជនជាតិចិនតៃវ៉ាន់។

សូមបញ្ជាក់ថា  នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងលោក  ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានធ្វើសន្និសីទសារព័ត៌មានលម្អិត ដើម្បីបង្ហាញ ជនជាតិចិនតៃវ៉ាន់ទាំងពីរនាក់ខាលងើ ដែលផលិតមាតិកាវីដេអូប្រឌិត ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សណ្ដាប់ធ្នាប់ និងសន្តិសុខ​ នៅខេត្តព្រះសីហនុ ។


សំរំលឹកថា កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានធ្វេីការឃាត់ខ្លួនជនជាតិចិនតៃវ៉ាន់ចំនួន​ ២នាក់​ នៅបន្ទប់ខុនដូមួយកន្លែង ដែលមានទីតាំងស្ថិតក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្រោយពួកគេរួមគ្នាផលិតវីដេអូក្លែងក្លាយ ដើម្បីទាក់ទាញការចាប់អារម្មណ៍ នៅលើបណ្ដាញសង្គមនានា ពិសេសបណ្ដាញសង្គម TikTok ដែលមានអ្នកគាំទ្រ និងចុចឡាយ រហូតដល់ជាង៥លាននាក់ ។

វីដេអូដែលពួកគេផលិតនោះ មានដូចជា ការរត់គេចពីការតាមចាប់ខ្លួន​ ធ្វេីទារុណកម្ម, វីដេអូខ្មោចលង​ និងវីដេអូផ្សេងៗទៀត​ នៅក្នុងមូលដ្ឋានខេត្តព្រះសីហនុ ។ តាមរយៈវីដេអូប្រឌិតទាំងអស់នេះ បានធ្វើឲ្យមហាជនមានការភ័យខ្លាច និងយល់ច្រឡំ ពិសេសអ្នកដែលរស់នៅក្រៅប្រទេស ដែលមានបំណងមកលេងកម្សាន្ដ​ ក៏ដូចជាមកទេសចរណ៍ក្នុងខេត្តព្រះសីហនុ ។ ដែលធាតុពិតមិនមានហេតុការណ៍នេះកើតឡើងទេ​ ដោយជនសង្ស័យធ្វើដើម្បីទាក់ទាញការចូលមើល ឬដើម្បីបាន View ច្រើនតែប៉ុណ្ណោះ ។

ក្រោយការឃាត់ខ្លួនជនសង្ស័យទាំង​ ២នាក់​ខាងលេី​ កម្លាំងសមត្ថកិច្ចជំនាញ បានដកហូតស្រោមមុខខ្មោច,​ កាំភ្លើងជ័រ,​ សំលៀកបំពាក់ទាហានប៉ារ៉ា, ទូរស័ព្ទដៃ​,​ សម្ភារឧបករណ៍ផលិតVideo Live និងសម្ភារបម្រើឲ្យការថតវីដេអូមួយចំនួទៀត ៕

សូមអានសេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងខេត្តព្រះសីនុ៖