រដ្ឋមន្ត្រីការបទេសកម្ពុជាបំពាក់គ្រឿងឥស្សរិយយសសហមេត្រី ថ្នាក់មហាសេនា ជូនលោកស្រីឯកអគ្គរដ្ឋទូតគុយបា

ភ្នំពេញ៖ លោក ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤បានបំពាក់គ្រឿងឥស្សរិយយស សហមេត្រី ថ្នាក់មហាសេនា ជូនលោកស្រី Liurka Rodríguez Barrios ឯកអគ្គរដ្ឋទូតគុយបាប្រចាំកម្ពុជា។

ការបំពាក់គ្រឿងឥស្សរិយយសនេះ ក្នុងគោលបំណង  ដើម្បីជាការថ្លែងអំណរគុណ និងទទួលស្គាល់ចំពោះការរួមចំណែកដ៏សកម្មរបស់លោកស្រី ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋគុយបា ក្នុងអាណត្តិរបស់លោកជំទាវ។


ជាមូយគ្នានោះ លោក សុខ ចិន្តាសោភា បានសម្តែងនូវសេចក្ដីថ្លែងអំណរគុណ និងបានគូសបញ្ជាក់អំពីសម្ទុះនៃការរីកចម្រើនជាលំដាប់នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ព្រមទាំងបានរំលឹកឡើងវិញនូវព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃការផ្លាស់ប្តូរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។

លោក ឧបនាយករដ្ឋមន្រ្តី ក៏បានកោតសរសើរផងដែរ ចំពោះទំនាក់ទំនងទ្វេភាគីដ៏រឹងមាំរវាងកម្ពុជា និងគុយបាលើវិស័យផ្សេងៗ រួមទាំង វិស័យកសិកម្ម សុខាភិបាល ពាណិជ្ជកម្ម ការវិនិយោគ និងកីឡា៕