ការិយាល័យកុងស៊ុលកាណាដា ប្រចាំខេត្តសៀមរាប ចាប់ផ្តើមដំណើការជាផ្លូវការនៅថ្ងៃនេះ

សៀមរាប៖ ការិយាល័យកុងស៊ុលកាណាដា ប្រចាំខេត្តសៀមរាប បានចាប់ផ្តើមដំណើរការ ជាផ្លូវការនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ក្រោមអធិបតីភាព លោក ពិន ប្រាកដ អភិបាលរងខេត្ត ខេត្តសៀមរាប និងលោកស្រី Ping Kithikone ​ឯកអគ្គរាជទូតកាណាដាប្រចាំព្រះរាជាណាចក្រកម្ពុជា។

ពិធីសម្ពោធការិយាល័យខាងលើនេះ ក៏មានការចូលរួមពីតំណាងប្រធានមន្ទីរទេសចរណ៍ខេត្ត ប្រធានការិយាល័យកិច្ចការ នៃការិយាល័យស្ថានទូតកាណាដាប្រចាំកម្ពុជា លោកស្រីលេខា និងជាកុងស៊ុល លោកស្រីប្រធានការិយាល័យកុងស៊ុល ប្រចាំរាជធានីភ្នំពេញ លោកស្រីប្រធានការិយាល័យកុងស៊ុលកត្តិយស ប្រចាំខេត្តសៀមរាប និងក្រុមការងារពាក់ព័ន្ធ។

ការបើកការិយាល័យកុងស៊ុលកាណាដា ក្នុងខេត្តសៀមរាបថ្ងៃនេះ គឺជាការបើកទំព័រថ្មី មួយចំពោះបង្កើនទំនាក់ទំនងរបស់ប្រទេសយើងទាំងពីរ តាមរយៈការសហការយ៉ាងល្អរវាងរដ្ឋបាលខេត្ត សៀមរាប និងការិយាល័យកុងស៊ុលកាណាដា ប្រចាំខេត្តសៀមរាប ក៏ដូចជាការជម្រុញកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ។

លោកអភិបាលរងខេត្តក៏បានបន្តថា ការកសាងទំនាក់ទំនងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ គឺពិតជាបានចូលរួមចំណែកយ៉ាងសកម្ម ដល់កិច្ចអភិវឌ្ឍប្រទេស និងសកលលោក ហើយលោកក៏សូមអបអរសាទរ និងស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះការបើកការិយាល័យកុងស៊ុលកាណាដា ប្រចាំខេត្តសៀមរាប ដែលបានបង្ហាញពីមិត្តភាពដ៏រឹងមាំ រវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសកាណាដា។

លោកពិន ប្រាកដ អភិបាលរងខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាល និងប្រជាជន នៃប្រទេសកាណាដា ដែលតែងតែគាំទ្រ រួមចំណែកដល់ការអភិឌ្ឍមាតុភូមិកម្ពុជាឱ្យមានការរីកចម្រើនជាបន្តបន្ទាប់៕