ទីក្រុងប៊ែន៖ ប្រទេសស្វី នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ ២០២៤បានសម្រេច ប្រគល់ចម្លាក់ព្រះពុទ្ធបដិមាអាយុកាលជាង ១០០០ឆ្នាំមួយអង្គដល់កម្ពុជាវិញ ខណៈចម្លាក់ព្រះពុទ្ធបដិមានេះ ជាវត្ថុបុរាណដ៏ពិសេស ដែលតំណាងឲ្យបេតិកភណ្ឌផ្នែកសិល្បៈ ប្រវត្តិសាស្ត្រ និងសាសនានៃព្រះរាជាណាចក្រកម្ពុជា។ ចម្លាក់នេះត្រូវបានផលិតឡើងពីលោហៈ និងមានវិមាត្រ បណ្តោយ ៤១,៥០ x ជម្រៅ ២២,៥០ x កំពស់ ៤៩ ស.ម។
ទំព័រហ្វេសបុករបស់តំណាងអចិន្ត្រៃយ៍ កម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិ នៅទីក្រុងហ្សឺណែវ កាលពីពេលថ្មីៗនេះ បញ្ជាក់ថា លោក អ៊ិន តារា ឯកអគ្គរាជទូតប្រចាំប្រទេសស្វីស និងជាតំណាងអចិន្ត្រៃយ៍ កម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិ នៅទីក្រុងហ្សឺណែវ បានចូលរួមនៅក្នុងពិធីប្រគល់ចម្លាក់ព្រះពុទ្ធរូបខាងលើនេះ ដោយមានការចូលរួមពីលោកស្រី Fabienne Baraga ប្រធានផ្នែកឯកទេសផ្នែកផ្ទេរសម្បត្តិវប្បធម៌អន្តរជាតិ នៃការិយាល័យវប្បធម៌ សហព័ន្ធ និងលោកស្រី Anna Mattei Russo ប្រធានផ្នែកសម្របសម្រួលតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក នៃក្រសួងការបរទេសសហព័ន្ធស្វីស ព្រមទាំងមន្ត្រី និងអ្នកការទូតនៃភាគីទាំងពីរ។
នៅក្នុងពិធីនោះ លោក ឯកអគ្គរាជទូតបានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះការត្រឡប់មកវិញនៃរូបចម្លាក់នេះ បន្ទាប់ពីបានផ្លាស់ទីអស់រយៈពេលជាច្រើនឆ្នាំពីផ្ទះរបស់ខ្លួន ដោយសារតែសង្គ្រាមស៊ីវិលអូសបន្លាយ ការរត់ពន្ធ និងការជួញដូរទៅបរទេស។ លោក បានបន្ថែមថា «ភាពសោមនស្សរីករាយក្នុងការទទួលរូបចម្លាក់មកកម្ពុជាវិញ គឺមានតម្លៃមិនអាចកាត់ថ្លៃបាន»។
លោកឯកអគ្គរាជទូតកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលស្វីស ជាពិសេសការិយាល័យវប្បធម៌ សហព័ន្ធ និងការិយាល័យរដ្ឋអាជ្ញាសាធារណៈនៃខេត្តបាហ្សែល និងភាគីពាក់ព័ន្ធផ្សេងទៀតសម្រាប់ជំនួយ និងកិច្ចសហប្រតិបត្តិការដ៏មានសារៈសំខាន់ ទាំងផ្នែកច្បាប់ និងបច្ចេកទេស ក្នុងការទប់ស្កាត់ការរត់ពន្ធវត្ថុបុរាណ វប្បធម៌របស់យើង ព្រមទាំងកិច្ចសម្របសម្រួលដល់ការប្រគល់ត្រឡប់វិញនៃវត្ថុបុរាណ។
លោកឯកអគ្គរាជទូតបានសង្កត់ធ្ងន់ថា «កម្ពុជាកំពុងធ្វើការស្រាវជ្រាវ ដើម្បីប្រមូលភស្តុតាងអំពីសម្បត្តិវប្បធម៌សំខាន់ៗ ដែលត្រូវបានលួចយកដោយខុសច្បាប់ពីជាតិយើង តាមរយៈកិច្ចសហការជាមួយសហគមន៍អន្តរជាតិ និងភាគីពាក់ព័ន្ធ សម្រាប់ដំណើរការទាមទារមកវិញនិងការតាមដានប្រកបដោយប្រសិទ្ធភាព។
ក្នុងស្មារតីនេះ លោកបានស្នើដល់ «សារមន្ទីរ ស្ថាប័ន និងអ្នកថែរក្សាវត្ថុបុរាណខ្មែរទាំងអស់ បន្តស្ម័គ្រចិត្ដប្រគល់វត្ថុបុរាណដែលជាវប្បធម៌ជាតិសំខាន់ៗរបស់យើង មកកម្ពុជាវិញ»។រាជរដ្ឋាភិបាលបានចាត់ទុក «ការធ្វើមាតុភូមិនិវត្តន៍វត្ថុបុរាណរបស់កម្ពុជា គឺជាកាយវិការដ៏ថ្លៃថ្នូរ និងគួរឱ្យគោរព ដែលឆ្លុះបញ្ចាំងពីក្រមសីលធម៌ និងការគិតគូរ ក្នុងការរួមចំណែកដល់តម្លៃវប្បធម៌របស់ប្រទេសជាតិ» ហើយក៏«ជាកិច្ចខិតខំប្រឹងប្រែងដ៏ថ្លៃថ្លា ក្នុងការផ្សះផ្សា និងព្យាបាលរបួសផ្លូវចិត្តរបស់ប្រជាជនកម្ពុជាដែលធ្លាប់បានស៊ូទ្រាំនឹងសង្គ្រាមស៊ីវិលអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំ»។
លោកស្រី Fabienne Baraga ប្រធានផ្នែកឯកទេសនៃការផ្ទេរកម្មសិទ្ធិវប្បធម៌អន្តរជាតិ នៃការិយាល័យវប្បធម៌សហព័ន្ធ នៃក្រសួងមហាផ្ទៃសហព័ន្ធស្វីស ក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលស្វីសក្នុងការទប់ស្កាត់ការជួញដូរខុសច្បាប់ និងការធ្វើពាណិជ្ជកម្មខុសច្បាប់នៃសម្បត្តិវប្បធម៌ និងការអភិរក្សបេតិកភណ្ឌវប្បធម៌របស់មនុស្សជាតិ។
លោកស្រីបានបន្ថែមថា៖ «ការប្រគល់ត្រឡប់វិញនេះមិនមែនគ្រាន់តែជាការប្រគល់វត្ថុដ៏មានតម្លៃទៅកាន់ទីកន្លែងកំណើតនោះទេ វាក៏ជានិមិត្តរូបនៃស្មារតីនៃសាមគ្គីភាព និងការគោរពរវាងរដ្ឋទាំងពីរផងដែរ»។
អ្នកជំនាញជនជាតិស្វីសជឿថា រូបចម្លាក់នេះមានអាយុកាលតាំងពីសម័យមុនអង្គរ ឬដើមសម័យអង្គរ ហើយសន្មតថាមានអាយុកាលជាង ១០០០ឆ្នាំ។ យ៉ាងណាមិញ យោងតាមការវាយតម្លៃជំហានដំបូងរបស់អ្នកជំនាញនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ (MCFA) ដោយផ្អែកលើទម្រង់ និងរចនាបថ ចម្លាក់នេះគឺជារូបបដិមាព្រះពុទ្ធផ្ចាញ់មារ ផលិតឡើងពីលោហៈ ដែលមានអាយុកាលតាំងពីសតវត្សទី១៨ ឬទី១៩។
តាមរយៈការប្រៀបធៀបយ៉ាងល្អិតល្អន់នៃបច្ចេកទេសសិល្បៈ និងបច្ចេកទេសនៃការផលិត អ្នកជំនាញបានសន្និដ្ឋានថា រូបចម្លាក់នេះ គឺជាវត្ថុសិល្បៈបុរាណខ្មែរពិតប្រាកដ ប្រកបដោយគុណតម្លៃសិល្បៈនិងសាសនា ដែលចាំបាច់ក្នុងការថែរក្សាជាសម្បត្តិវប្បធម៌ជាតិ។ ក្នុងឆ្នាំ២០១៤ អាជ្ញាធរមានសមត្ថកិច្ចនៃខេត្តបាហ្សែលបានរឹបអូសចម្លាក់ព្រះពុទ្ធមួយអង្គ ដែលយោងទៅតាមឯកសារ សន្មតថាជាសម្បត្តិបេតិកភណ្ឌវប្បធម៌របស់កម្ពុជា។ នៅក្រោមច្បាប់របស់ប្រទេសស្វីស ទ្រព្យសម្បត្តិវប្បធម៌ដែលរឹបអូសបាន ត្រូវប្រគល់ជូនប្រទេសដើមកំណើតវិញ៕