សម្តេច ហ៊ុន ម៉ាណែត លើកឡើងពីអត្ថប្រយោជន៍ពិសេសដែលបានផ្ដល់នៅក្នុង « គម្រោងវិនិយោគដែលមិនជាប់ពាក់ព័ន្ធនឹងអគារជាប់គាំង » នៅខេត្តព្រះសីហនុ

ព្រះសីហនុ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត  បានលើកឡើង នៅក្នុងពិធីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការនូវ « កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤នេះ ថា «អត្ថប្រយោជន៍ពិសេស» របស់រាជរដ្ឋាភិបាលដែលផ្ដល់នៅ« គម្រោងវិនិយោគដែលមិនជាប់ពាក់ព័ន្ធនឹងអគារជាប់គាំង » រួមមាន ៖ ការសម្រួលបែបបទ និង នីតិវិធីវិនិយោគ និងធុរកិច្ច រួមទាំងការស្នើសុំអាជ្ញាបណ្ណ វិញ្ញាបនបត្រ និងលិខិតអនុញ្ញាតនានា និង ការផ្តល់ការលើកទឹកចិត្តពិសេស និងការអនុគ្រោះនានា ដូចជា ពន្ធអាករនាំចូល, ពន្ធប៉ាតង់, ពន្ធលើផ្ទាំងផ្សព្វផ្សាយ, ពន្ធកាត់ទុកលើការជួលអចលនទ្រព្យ និងកម្រៃ សេវាចុះបញ្ជី ជាដើម ដល់សហគ្រាស ដែលមកវិនិយោគ ឬ ធ្វើធុរកិច្ច ក្នុងខេត្តព្រះសីហនុ។

សម្តេច បន្ថែមថា  ការផ្ដល់ការលើកទឹកចិត្តលើកលែងពន្ធលើប្រាក់ចំណូល, ប្រាក់រំដោះពន្ធលើប្រាក់ ចំណូល និងពន្ធអប្បបរមា រយៈពេល ៣ ឆ្នាំ បន្ថែម សម្រាប់គម្រោងវិនិយោគមាន លក្ខណៈសម្បត្តិគ្រប់គ្រាន់ និងសហគ្រាសធុនតូច និងមធ្យម ដែលបានចុះបញ្ជី ពន្ធដារ និង  ការអនុញ្ញាតឱ្យអនុវត្តអាករលើតម្លៃបន្ថែមអត្រាសូន្យភាគរយ សម្រាប់សហគ្រាស ធុនតូច និងមធ្យម ដែលបានចុះបញ្ជីពន្ធដារ ចំពោះការទិញធាតុចូលផលិតកម្ម ដែលផលិតក្នុងស្រុក ។

បើតាម សម្តេចនាយករដ្ឋមន្ត្រី៖ «កម្មវិធីពិសេសជំរុញការវិនិយោគនៅក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤» ត្រូវបានរៀបចំឡើងដោយឈរលើទស្សនទានគោលចំនួន ០៤៖ ទី១ កែប្រែមុខមាត់ខេត្តព្រះសីហនុ ឱ្យទៅជាខេត្តដែលមានមូលដ្ឋានសេដ្ឋកិច្ច ពឹងផ្អែកលើឧស្សាហកម្ម ទេសចរណ៍ និងការវិនិយោគ។ ទី២ ដោះស្រាយបញ្ហាប្រឈមជាក់ស្តែង ដែលផ្តល់លទ្ធផលរហ័ស។ ទី៣ ដាក់ចេញនូវវិធានការអនុវត្តជាក់ស្តែង ដែលមានលក្ខណៈជាការបំពេញបន្ថែមប្រកបដោយសង្គតិភាព ទាក់ទងទៅនឹងគោលនយោបាយ និងយុទ្ធសាស្ត្រនានា របស់រាជរដ្ឋាភិបាល។ និង ទី៤ បង្កើនល្បឿននៃការធ្វើបរិវត្តកម្ម និងការអភិវឌ្ឍឧស្សាហកម្ម ក្នុងខេត្តព្រះសីហនុ ឱ្យមានតម្លៃបន្ថែម មានឧត្តមភាព និងមានប្រកួតប្រជែងខ្ពស់»៕