ឃាត់ខ្លួនមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣១នាក់ និងប្រជាការពារចំនួន០២នាក់ទៀត ពីបទ កំហែង យកប្រាក់

ភ្នំពេញ៖  ករណីយុវជន០៥នាក់ ដែលបានសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននៅលើបណ្ដាញសង្គម កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ដោយចោទប្រកាន់ថាមានសមត្ថកិច្ចគាបយកលុយ នៅចំណុចប្រេងឥន្ធនៈតេលាលូប្រាំ ផ្លូវវេងស្រេង ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។

អ្នកកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៤ នេះ ឱ្យដឹងថា
ករណីនេះដោយអនុវត្តតាមបទបញ្ជារបស់លោក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ធ្វើការស្រាវជ្រាវត្រួតពិនិត្យកន្លែងកើតហេតុ និងប្រមូលវត្ថុតាងតាមកាមេរ៉ាសុវត្ថិភាព និងតាមការសាកសួរពីយុវជនរងគ្រោះ និងបានឃាត់ខ្លួនមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ០១នាក់ រួមនិងប្រជាការពារចំនួន០២នាក់ទៀត ពីបទ កំហែង យកប្រាក់។


ប្រភពដដែលនេះ បន្តថា ជនសង្ស័យចំនួន០៣៖ ១-ឈ្មោះ នាង វណ្ណី ហៅ ប៉ាន់នី ភេទប្រុស ជនជាតិ ខ្មែរ។ ២-ឈ្មោះ គឹម សុខា ហៅ ហង្ស១៣ ភេទ ប្រុស ជនជាតិ ខ្មែរ។ និង  ៣-អនុសេនីយ៍ឯក ព្រុំ វណ្ណរឿន ជាមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣។

បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី។ ចំណែកជនសង្ស័យនៅសេសសល់មួយចំនួនទៀត កម្លាំងជំនាញកំពុងស្រាវជ្រាវបន្តដើម្បីស្វែងរកឃាត់ខ្លួន យកមកអនុវត្តតាមនីតិវិធី៕