ភ្នំពេញ លោក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាកម្លាំងការិយាល័យជំនាញសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីស្រាវជ្រាវជាបន្ទាន់រកមុខសញ្ញា ករណីមានសមត្ថកិច្ចចាប់ឃាត់ម៉ូតូនិងគាបយកលុយតាមដងផ្លូវ ពីយុវជន០៥នាក់ នៅតាមបណ្តោផ្លូវវេងស្រេង ដើម្បីអនុវត្តវិធានការណ៍ច្បាប់។
ក្រុម ការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ទាក់ទងការផ្សព្វផ្សាយតាមបណ្តាញសង្គម ករណីយុវជន០៥នាក់និយាយរៀបរាប់ ថាមានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ចាប់ឃាត់ម៉ូតូនិងគាបយកលុយតាមដងផ្លូវ កាលពីយប់អធ្រាត្រថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ នៅគោលដៅខាងមុខការាស់សាំងតេលា ផ្លូវវេងស្រេងពាក់ព័ន្ធនឹងករណីខាងលើ ក្រោយពីមានការផ្សាយព័ត៌មានតាមបណ្ដាញសង្គមបែបនោះ។
ប្រភពដដែលនេះ បន្តថា៖«នៅយប់ថ្ងៃដដែលសមត្ថកិច្ចបានកោះហៅយុវជនទាំង០៥នាក់មកសួរនាំបំភ្លឺ។ ក្រោយពីបំភ្លឺរួចយុវជនទាំង០៥នាក់បានប្រាប់ថាមិនមែនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យនោះទេ ពួកគេមិនច្បាស់ថាសមត្ថកិច្ចខាងណានោះឡើយ»។
ពាក់ព័ន្ធករណីនេះដែរ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាកម្លាំងការិយាល័យជំនាញសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីស្រាវជ្រាវជាបន្ទាន់រកមុខសញ្ញា ដើម្បីអនុវត្តវិធានការណ៍ច្បាប់៕