លោក នី ណាក់ប្រកាសមិនសុំទោស ដើម្បីជាថ្នូរនឹងឱ្យមានសេរីភាពឡើងវិញ

ភ្នំពេញ៖ លោក នី ណាក់ ដែលជាអ្នករិះគន់មិនសំចៃមាត់ កំពុង ជាប់ឃុំនៅ មណ្ឌលអប់រំកែប្រែទី១(ម១)ព្រៃស  តាមរយៈប្រពន្ធរបស់ខ្លួន បានប្រកាសថា លោក មិនធ្វើការសុំទោស ដើម្បីជាថ្នូរនិង ការមានសេរីភាពឡើយដោយលោក នៅតែបន្ត ធ្វើការតស៊ូមតិ និងសុខចិត្តជាប់ឃុំ រហូតដល់រួចទោសជាស្ថាពរ។

ប្រពន្ធរបស់ លោក នី ណាក់ ដែលកំពុងប្រើប្រាស់ ផេក «Iman KH» នៅថ្ងៃទី ២៣ ខែមករា នេះ បានសរសេរថា៖«នាងខ្ញុំជាភរិយារបស់ លោក នី ណាក់ សូមពាំនាំពាក្យរបស់គាត់ដូចខាងក្រោម។ ខ្ញុំបាទ នី ណាក់ ជាប់ឃុំនៅ មណ្ឌលអប់រំកែប្រែទី១(ម១)ព្រៃស។ ថ្ងៃឃុំ ទី06ខែ មករា ឆ្នាំ2024 សូម ប្រកាស ខ្ញុំបាទ មិនធ្វើការសុំទោស ដើម្បីជាថ្នូរនិង ការមានសេរីភាពឡើយ ខ្ញុំបាទនៅតែបន្ត ធ្វើការតស៊ូមតិ និងសុខចិត្តជាប់ឃុំ រហូតដល់រួចទោសជាស្ថាពរ»។

ប្រភពដដែលបបន្ថែមថា៖​«សូមបញ្ជាក់ថា ការចេញ វីដេអូរបស់ភរិយាខ្ញុំបាទ មិនបានឆ្លុះបញ្ចាំង ពី ជំហរ របស់ខ្ញុំឡើយ។ថ្ងៃទី23 ខែ មករា ឆ្នាំ 2024 នី ណាក់»។

សាលាដំបូងរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃសុក្រ ទី០៥ ខែមករា ឆ្នាំ២០២៤ បានសម្រេចឃុំខ្លួន លោក នី ណាក់ ម្ចាស់ផេក «Iman KH» ដាក់ពន្ធនាគារជាបណ្តោះអាសន្ន នៅពន្ធនាគារព្រៃស ក្រោមការចោទប្រកាន់ពីបទ បរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឱ្យមានការរើសអើង។

លោក នី ណាក់ កើតឆ្នាំ១៩៧៩ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងបញ្ជូនទៅតុលាការភ្លាមៗ កាលពីព្រឹកថ្ងៃសុក្រ ទី០៥ ខែមករា ឆ្នាំ២០២៤ បន្ទាប់ពីលោកនិយាយបរិហារលើ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងស្ថាប័នរាជរដ្ឋាភិបាលជាច្រើនទៀត កាលពីខែធ្នូកន្លងទៅនេះ។

លោក នី ណាក់ ធ្លាប់ជាប់ពន្ធនាគារម្តងរួចមកហើយ កាលពីឆ្នាំ២០២០ ក្រោមបទ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ដោយតុលាការបានផ្តន្ទាទោស រយៈពេល ១៨ (ដប់ ប្រាំបី) ខែ លោកបានចេញពីពន្ធនាគារ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១៕