ភ្នំពេញ៖លោក សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើកកម្ពស់ការគាំពារនិងអភិវឌ្ឍន៍កុមារតូច និងស្តង់ដាបង្គន់អនាម័យតាមសាលាឃុំ សង្កាត់ ជាមួយ លោកស្រី គ្វីននេត វ៉ង នាយិកាប្រចាំប្រទេសនៃអង្គការភ្លែនអន្តរជាតិកម្ពុជា។
ក្នុងពិធីចុះហត្ថលេខានេះ ធ្វើឡើង នារសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ដោយមានកាចូលរួមពីលោក លី យ៉ាសាក់ ប្រធាននាយកដ្ឋានកិច្ចការដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងជាប្រធានការក្រុមការងារអនុវត្តគម្រោងលើកកម្ពស់និងអភិវឌ្ឍន៍កុមារតូច ដែលគាំទ្រដោយអង្គការភ្លែនអន្តរជាតិកម្ពុជា និងលោក យី គឹមថាន នាយករងប្រចាំប្រទេសនៃអង្គការភ្លែនអន្តរជាតិកម្ពុជា ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើនរូប។
កន្លងមកក្រោមកិច្ចសហការនិងគាំទ្រពីអង្គការភ្លែនអន្តរជាតិកម្ពុជា អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ទទួលបាននូវសមិទ្ធផលជាច្រើនមានជាអាទិ៍៖សៀវភៅណែនាំស្តីពីការគ្រប់គ្រងដំណើរការអប់រំឪពុកម្តាយ អាណាព្យាបាលក្នុងការគាំពារនិងអភិវឌ្ឍន៍កុមារតូចសម្រាប់ឃុំ សង្កាត់, ការរៀបចំសិក្ខាសាលាដើម្បីផ្សព្វផ្សាយដល់អ្នកពាក់ព័ន្ធ, ការរៀបចំវគ្គបណ្តុះបណ្តាលដល់គ្រូបង្គោលថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ព្រមទាំងការគាំទ្រសកម្មភាពចុះតាមដាន ត្រួតពិនិត្យលើការបណ្តុះបណ្តាលបន្តដល់រដ្ឋបាលឃុំ សង្កាត់ ដើម្បីពង្រឹងសមត្ថភាពរបស់ក្រុមប្រឹក្សាឃុំ សង្កាតជាដើម។
ដើម្បីរួមចំណែកអនុវត្តគោលនយោបាយជាតិស្តីពីការគាំពារ និងអភិវឌ្ឍន៍កុមារតូច និងលើកកម្ពស់អនាម័យនៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងរៀបចំផែនការសកម្មភាពរួមគ្នាបន្តទៀតសម្រាប់អនុវត្តក្នុងឆ្នាំ២០២៣និង២០២៤ អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និងអង្គការភ្លែនអន្តរជាតិកម្ពុជា បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ក្នុងគោលបំណងសំខាន់ៗរួមមាន៖ ការបន្តចុះគាំទ្រដល់ដំណើរការគម្រោងចងក្រងក្រុមឪពុកម្តាយ និងអាណាព្យាបាលក្នុងការគាំពារ និងអភិវឌ្ឍន៍កុមារតូច, ជំនួយទីប្រឹក្សាបច្ចេកទេសក្នុងការរចនាប្លង់បច្ចេកទេសបង្គន់ស្តង់ដាប្រកបដោយបរិយបន្ន នៅតាមសាលាឃុំ សង្កាត់ និងសាងសង់បង្គន់គំរូចំនួន៣ នៅតាមសាលាឃុំ , រៀបចំសិក្ខាសាលាឆ្លុះបញ្ចាំងស្តីពីការអនុវត្តគម្រោងលើកកម្ពស់ការគាំពារនិងអភិវឌ្ឍន៍កុមារតូច និង ការឧបត្ថម្ភសម្ភារៈផ្សេងៗ៕