សមត្ថកិច្ចឃាត់ខ្លួនបុគ្គលិកក្រុមហ៊ុនកម្ចីតាមអនឡាញ វ៉ង់ វ៉ង់រកស៊ីខុសច្បាប់ម្នាក់

ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា  បានឱ្យដឹងថា នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ ដោយមានការឯកភាពពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានធ្វើកា0រឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ឈ្មោះ នន់ កុសល់ ភេទស្រី អាយុ ៤០ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនកម្ចីតាមអនឡាញ វ៉ង់ វ៉ង់ ដែលមិនមានច្បាប់អនុញ្ញាត្ត មានតួនាទីជាអ្នកទារប្រាក់ពីអតិថិជន និងទម្លាក់លុយឲ្យអតិថិជនខ្ចី។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅថ្ងៃទី ២២ ខែមករា បញ្ជាក់ថា​ បច្ចុប្បន្ននាយកដ្ឋានបានបញ្ជូនសំណុំរឿងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់នីតិវិធីបន្ត។

នាយកដ្ឋាន​បន្ត​​ក្រើន​រំលឹក​​សាធារណៈ​ជន​ទាំង​អស់​ថា​ ការ​ផ្តល់​កម្ចី​ជា​អាជីវកម្ម​ជូន​ប្រជា​ពលរដ្ឋ​ដោយ​គ្មាន​ការ​អនុញ្ញាត​ គឺ​ជាអំពើខុស​ច្បាប់មានចែងក្នុងមាត្រា៥១ នៃច្បាប់​ស្តី​ពី​គ្រឹះស្ថាន​ធនាគារ​ និង​ហិរញ្ញ​វត្ថុ​ ដែល​អាច​ឈាន​ទៅ​ដល់​ការ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​។

បើតាម នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា  ចំពោះទំនាក់ទំនងសិទ្ធិលើបំណុល​ម្ចាស់​បំណុល​នៅ​តែ​មាន​សិទ្ធិ​ប្តឹងទាមទារ​បំណុល​ពី​កូន​បំណុល​ស្រប​តាម​នីតិ​វិធី​នៃ​ច្បាប់​ទៅកាន់ស្ថាប័នតុលាការ។ ហេតុ​ដូច្នេះ​សូម​សាធារណ:ជន ជៀស​វាង​ការ​​កម្ចី​ប្រាក់​ក្រៅ​ប្រព័ន្ធ​ដែល​ធ្វើ​ឲ្យ​មាន​ហានិភ័យ​ខ្ពស់​ដល់សេដ្ឋកិច្ចគ្រួសារ និងឈានដល់ការរងនូវការបរិហាកេរ្តិ៍គ្រប់រូបភាពពីសំណាកក្រុមកម្ចីខុសច្បាប់ទាំងនោះ។