លោក មាស សុភា អតីតមេបញ្ជាការកងទ័ពជើងគោក និងបច្ចុប្បន្នជាអ្នកតំណាងរាស្រ្តខេត្តព្រះវិហារ ត្រូវព្រះមហាក្សត្រចេញព្រះរាជក្រឹត្យសម្រេចតែងតាំង ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើ ឧបនាយករដ្ឋមន្រ្តី។ នេះបើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី២១ មករានេះ។
យោងតាមព្រះរាជក្រឹត្យ ព្រះមហាក្សត្រ ព្រះអង្គបានលើកឡើងនូវស្នាដៃមួយចំនួនដែលលោក មាស សុភា សាកសមទទួលការតែងតាំងជាឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រដោយព្រះអង្គទ្រង់យល់ថា លោក បានចូលរួមជួយដឹកនាំប្រជាជាតិកម្ពុជា តាមរដ្ឋធម្មនុញ្ញានៃកម្ពុជាឆ្នាំ១៩៩៣ សម្រាប់ជាឧត្តមប្រយោជន៍ដល់សង្គម ទទួលបាននូវសន្តិភាព ស្ថិរភាព ឯកភាពជាតិ ការអភិវឌ្ឍជាតិលើគ្រប់វិស័យ។
ក្នុងនោះការួមចំណែកក្នុងការការពារលិទ្ធិប្រជាធិបតេយ្យ ការពារជាតិ មានសន្តិសុខសង្គមល្អប្រសើរ ព្រមទាំងរក្សាបាននូវឯករាជ្យជាតិ និងបូរណភាពទឹកដី ក្រោមមាគា៍ដឹកនាំដ៏ប៉ិនប្រសប់ និងឈ្លាសវៃរបស់សម្តេច ហ៊ុន សែន។
បន្ថែមពីលើនេះ ព្រះអង្គទ្រង់យល់ថា លោក មាស សុភា ក៏មានស្វាមីភក្តិចំពោះរាជបល្ល័ង្គ ការពារ គោរពព្រះពុទ្ធសាសនា និងចូលរួមការពារនិរន្តរភាពរាជានិយមកម្ពុជាផងដែរ។ នេះបើយោងតាមព្រះរាជក្រឹត្យដដែលនេះ៕