ភ្នំពេញ ៖ ការសិក្សាអំពីការវាយតម្លៃលើផលជះដែលត្រូវបានធ្វើឡើងដោយឯករាជ្យបាន បង្ហាញថា វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជាមិនត្រឹមតែជាម៉ាស៊ីនជួយជំរុញសេដ្ឋកិច្ចដ៏រឹងមាំប៉ុណ្ណោះទេ តែថែមទាំងជាកម្លាំងចលករ ជួយជំរុញប្រទេសកម្ពុជាដើរឆ្ពោះទៅរកការសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ផងដែរ។
របាយការណ៍ដែលរៀបចំឡើងដោយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងអនុវត្តដោយក្រុមហ៊ុនស្រាវជ្រាវអន្តរជាតិ M-CRILដែលបានចេញផ្សាយថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ បានសិក្សាស៊ីជម្រៅអំពីឥទ្ធិពលរបស់មីក្រូហិរញ្ញវត្ថុក្នុងការជួយផ្លាស់ប្តូរទិដ្ឋភាពសេដ្ឋកិច្ចសង្គមកិច្ចរបស់កម្ពុជា ដោយ បង្ហាញឱ្យឃើញនូវសមិទ្ធិផលរបស់វិស័យ លើគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងបញ្ហានានាដែលកើតមានឡើងស្របជាមួយនឹងការចូលរួមចំណែករបស់វិស័យនេះ។
លទ្ធផលរកឃើញសំខាន់ៗពីការសិក្សា បានបញ្ជាក់ថា ការសិក្សាអំពីការវាយតម្លៃលើផលជះ ដែលបានធ្វើឡើងយ៉ាងយកចិត្តដាក់ជាមួយអតិថិជនជាង ៣២០០ នាក់របស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលជ្រើសរើសមកពីភូមិជាង ៤៥០ភូមិក្នុងខេត្តចំនួន ១០ខេត្ត បានបង្ហាញផលជះចម្រុះនៃវិស័យមីក្រូ ហិរញ្ញវត្ថុទៅលើជីវិតរស់នៅរបស់ប្រជាជនកម្ពុជា។
ការសិក្សាបានបង្ហាញថា ពីរភាគបី (២/៣) នៃសំណាក បានរាយការណ៍ពីភាពប្រសើរឡើងក្នុងជីវិតរបស់ពួកគេ ដោយ ៣១% ទទួលបានអត្ថប្រយោជន៍សេដ្ឋកិច្ចច្រើននិងមានជីវភាពល្អប្រសើរជាងមុន ខណៈដែល ៣៦% ផ្សេងទៀតបានរាយការណ៍ ពីភាពល្អប្រសើរនូវជីវភាពខ្លះ ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ។ នេះគឺជាតឹកតាងបញ្ជាក់ថា មីក្រូហិរញ្ញវត្ថុដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាតាមរយៈការអនុញ្ញាតឱ្យគ្រួសារដែលមានចំណូលទាបជាច្រើនទទួលបានកម្ចីពីគ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុ។
លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានអត្ថាធិប្បាយអំពីលទ្ធផលរកឃើញនៃ របាយការណ៍នេះថា៖ «ផលជះដែលជួយឱ្យមានការផ្លាស់ប្តូរនៃវិស័យមីក្រូហិរញ្ញវត្ថុមិនត្រឹមតែជាផលជះផ្នែកសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគ្របដណ្តប់លើទិដ្ឋភាពសង្គមកម្ពុជាទាំងមូលទៀងផង។ ការសិក្សាស្រាវជ្រាវនេះបញ្ជាក់សារជាថ្មីអំពីតួនាទីរបស់វិស័ យមីក្រូហិរញ្ញវត្ថុក្នុងការជំរុញការផ្តល់សិទ្ធិអំណាចផ្នែកសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម។ ក្នុងនាមសមាគមីក្រូហិរញ្ញវត្ថុកម្ពុជា យើង ប្ដេជ្ញាយកលទ្ធផលស្រាវជ្រាវនេះដើម្បីបន្តពង្រឹងការចូលរួមចំណែកជាវិជ្ជមានរបស់វិស័យដល់សង្គមរបស់យើង»។
សូមអានខ្លឹមសារខាងក្រោម៖