ព្រះសីហនុ៖នៅក្នុងសិក្ខាសាលា ស្តីពីការពន្លឿនការបញ្ឈប់បន្ទោបង់ពាសវាលពាសកាល (ODF) ដែលរៀបចំដោយក្រសួងអភិវឌ្ឍជនបទ សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានជំរុញអភិបាលក្រុង-ស្រុក មេឃុំ-ចៅសង្កាត់ ពលរដ្ឋចូលរួមប្រែក្លាយបន្ទប់ទឹកសាធារណៈ ជាគោលដៅទេសចរណ៍។
សិក្ខាសាលាដែលរៀបចំធ្វើនៅថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២៤ លោក គួច ចំរើនថ្លែងថា៖« យើងត្រូវប្រែក្លាយបន្ទប់ទឹកសាធារណៈ ជាគោលដៅទេសចរណ៍ ហើយសម្រាប់ខេត្តព្រះសីហនុ បានសាងសង់បន្ទប់ទឹកសាធារណៈនៅតាមតំបន់ឆ្នេរចំនួន ៩បន្ទប់ ហើយបន្ទប់ទឹកនីមួយៗយើងបានធ្វើការប្រែក្លាយអារម្មណ៍ប្រជាពលរដ្ឋ និងភ្ញៀវទេសចរលែងស្អប់ខ្ពើមបន្ទប់ទឹក ព្រោះបន្ទប់ទឹកនៅតាមឆ្នេររបស់យើងមានភាពស្អាត មានការលក់ដូរនូវផលិតផលទេសចរណ៍សម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ»។
ជាមួយគ្នានេះ លោក គួច ចំរើន បានធ្វើការណែនាំឱ្យលោកអភិបាលក្រុង-ស្រុក មេឃុំ-ចៅសង្កាត់ ជំរុញប្រជាពលរដ្ឋចូលរួមលើសកម្មភាពអនាម័យ ផ្តើមចេញពីខ្លួនឯង គ្រួសារ និងសហ គមន៍ការផ្លាស់ប្តូរទម្លាប់ពីការបន្ទោបង់ពាសវាលពាសកាល មកជាការសាងសង់បង្គន់អនាម័យប្រើប្រាស់ បរិភោគទឹកមានសុវត្ថិភាព លាងដៃជាមួយសាប៊ូ ដើម្បីទទួលបានសុខភាពល្អ កាត់បន្ថយភាពក្រីក្រស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។
លោក គួច ចំរើនថ្លែងថា៖«យើងត្រូវជំរុញឱ្យខេត្តរបស់យើងទទួលបាន ODF បញ្ចប់ការបន្ទោរបង់ពាសវាលពាសកាលឆ្នាំ២០២៤ ហើយវិធីសំខាន់គឺ យើងត្រូវគាំទ្រដល់គ្រួសារក្រីក្រនៅតាមជនបទ ដើម្បីជំរុញឱ្យខេត្តរបស់យើងទទួលបាន ODF ជាខេត្តទេសចរណ៍»។
នាឱកាសនោះ លោក ប្រាក់ សុវណ្ណ ប្រធានមន្ទីរអភិវឌ្ឍជនបទខេត្តព្រះសីហនុ បានធ្វើរបាយការណ៍ ស្តីពីការពន្លឿនបញ្ឈប់បន្ទោបង់ពាសវាលពាសកាល តាមរយៈការផ្សព្វផ្សាយ ផ្តល់សម្ភារសម្រាប់សាងសង់បង្គន់អនាម័យរបស់ក្រសួងអភិវឌ្ឍជនបទមានការកើនឡើងជាបន្តបន្ទាប់ក្នុងនោះ ក្រុងកោះរ៉ុង ខ្នងផ្ទះមានបង្គន់អនាម័យ ៧៨.៣៣ភាគរយ មានទឹកស្អាត ៧៤.៨០ភាគរយ ស្រុកព្រៃនប់ ខ្នងផ្ទះមានបង្គន់អនាម័យ ៨១.៧៣ភាគរយ ទឹកស្អាត ៩៣.៨០ ភាគរយ ស្រុកកំពង់សីលា ខ្នងផ្ទះមានបង្គន់អនាម័យ ៧២.៦០ភាគរយ ទឹកស្អាត ៨៨.១០ភាគរយ ស្រុកស្ទឹងហាវ ខ្នងផ្ទះមានបង្គន់អនាម័យ ៨២ភាគរយ ទឹកស្អាត ៩២.៤០ភាគរយ។ ដោយឡែកក្រុងព្រះសីហនុ ត្រូវបានប្រកាសជាក្រុងដែលទទួលបាន ODF រួចហើយ។
សូមបញ្ជាក់ថា សិក្ខាសាលាពិនិត្យវឌ្ឍនភាពនៃការសម្រេចស្ថានភាពបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល និងធ្វើការកំណត់គោលដៅ ODF ឈានឆ្ពោះទៅសម្រេចបានជាខេត្ត ODF នៅដំណាច់ឆ្នាំ២០២៤ ឬដើមឆ្នាំ ២០២៥ខាងមុខ និងបានដាក់ចេញនូវទិសដៅអនុវត្តបន្ទាន់សម្រាប់ស្រុកព្រៃនប់ ស្រុកស្ទឹងហាវ ស្រុកកំពង់សីលា និងក្រុងកោះរ៉ុង៕