ប្រធានរដ្ឋសភា ជំរុញការសាងសង់អគាររដ្ឋបាលថ្មីរដ្ឋសភា ប្រកបដោយគុណភាព និងបញ្ចប់ការសាងសង់ឱ្យទាន់ពេលវេលា តាមផែនការគ្រោងទុក

ភ្នំពេញ៖ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា បានជំរុញក្រុមការងារសាងសង់អគាររដ្ឋបាលថ្មីនៃរដ្ឋសភា ដែលជាជំនួយរបស់សាធារណរដ្ឋសង្គមនិយមវៀតណាម ប្រកបដោយតម្លាភាព គណនេយ្យភាព ធានាដល់គុណភាព និងបញ្ចប់ការសាងសង់បានទាន់ពេលវេលា ដើម្បីរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ឆ្លើយតបតម្រូវការរបស់រដ្ឋសភា។

ការជំរុញបែបនេះ បានធ្វើឡើងនៅក្នុងឱកាស សម្តេច អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមករា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា។

អគាររដ្ឋបាលថ្មីរបស់រដ្ឋសភា ដែលជាជំនួយរបស់វៀតណាម ត្រូវបានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេច ហេង សំរិន អតីតប្រធានរដ្ឋសភានិងលោក ង្វៀង ស៊ួនហ្វុក អតីតប្រធានាធិបតីវៀតណាម។

ក្រោយពីបានស្តាប់របាយការណ៍លម្អិតពីភាគីអនុវត្តគម្រោង ដែលមានការចូលរួមមតិពីគណៈកម្មការចំពោះកិច្ច គណៈកម្មការគ្រប់គ្រងគម្រោង(PMU) ក្រុមហ៊ុនប្រឹក្សាបច្ចេកទេស(Archetype) ក្រុមហ៊ុនសាងសង់ (TCV) និងសមាជិកកិច្ចប្រជុំរួចមក សម្តេចរដ្ឋសភាធិបតី បានថ្លែងការកោតសរសើរដល់ក្រុមការងារទំាងអស់ ដែលបានយកចិត្តទុកដាក់ ខិតខំអនុវត្តគម្រោងសាងសង់អគាររដ្ឋបាលថ្មីនេះ បានដំណើរការរហូតមកដល់ពេលនេះ។

សម្តេចប្រធានរដ្ឋសភា សង្ឃឹមថា អគារនេះនឹងសាងសង់ចប់ជាស្ថាពរតាមកាលកំណត់ មានគុណភាពល្អរឹងមាំ មានសោភ័ណភាព និងការប្រើប្រាស់ទៀតសោតត្រូវមានប្រសិទ្ធភាពខ្ពស់ស្របតាមតម្រូវការ ហើយសម្តេចជឿជាក់ថា អគារដ៏ស្កឹមស្កៃនេះនឹងក្លាយជានិមិ្មតរូបនៃចំណងមិត្តភាពនៃប្រទេសទាំងពីរកម្ពុជា-វៀតណាម៕