ស្វីស៖ ក្រុមហ៊ុនធំរបស់ប្រទេសឥណ្ឌូនេស៊ីស្វែងរកឱកាសវិនិយោគលើវិស័យសុខាភិបាល និងវិស័យអចលនទ្រព្យនៅកម្ពុជា។ នេះ បើតាមជំនួបពិភាក្សារវាងសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា និង លោក John Riady នាយកប្រតិបត្តិក្រុមហ៊ុន Lippo Group នៅថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២៤ ក្នុងឱកាសចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស សហព័ន្ធស្វីស។
ក្នុងឱកាសនៃជំនួប លោកនាយកប្រតិបត្តិ បានលើកឡើងអំពីវឌ្ឍនភាពនៃអាជីវកមុ្មរបស់ក្រុមហ៊ុន Lippo Group ដែលកំពុងមានប្រតិបត្តិការនៅតាមបណ្ដាប្រទេសជាច្រើននៅក្នុងតំបន់ និងនៅជុំវិញពិភពលោក និងផ្តោតជាសំខាន់លើវិស័យអចលនទ្រព្យ ផ្សារលក់រាយ បដិសណ្ឋារកិច្ច សុខាភិបាល អប់រំ សារព័ត៌មាន ទូរគមនាគមន៍ ឌីជីថល និងហិរញ្ញវត្ថុ។
ជាមួយគ្នានេះ លោកនាយកប្រតិបត្តិក៏បានបង្ហាញចំណាប់អារម្មណ៍ និងគោលបំណងក្នុងការវិនិយោគលើវិស័យសុខាភិបាល និងវិស័យអចលនទ្រព្យដែលផ្ដោតលើការផ្តល់សេវាសុខាភិបាល ប្រកបដោយគុណភាព ជាមួយតម្លៃសមរម្យ និងការអភិវឌ្ឍន៍លំនៅឋានដែលមានតម្លៃទាប នៅកម្ពុជា។
ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ និងរីករាយដែលបានជួបពិភាក្សាការងារជាមួយលោកនាយកប្រតិបត្តិ និងសហការី និងអរគុណចំពោះក្រុមហ៊ុន Lippo Group ដែលបានបង្ហាញពីបំណងក្នុងការបណ្តាក់ទុនវិនិយោគនៅកម្ពុជា។ សម្ដេចធិបតីបានគូសបញ្ជាក់ថា ផ្អែកលើបទពិសោធន៍របស់ក្រុមហ៊ុន ក៏ដូចជាភាពស្រដៀងគ្នានៃវប្បធម៌ប្រពៃណី និងបែបផែនទីផ្សាររបស់កម្ពុជា និង ឥណ្ឌូនេស៊ី ក្រុមហ៊ុននឹងមានលទ្ធភាពយល់ដឹងច្រើនពីឱកាសនៃការពង្រីកទីផ្សារវិនិយោគក្នុងព្រះរាជាណាចក្រកម្ពុជា។
សម្តេចធិបតី ក៏បានជម្រាបជូន លោកនាយកប្រតិបត្តិ អំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ពិសេស អំពីយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលផ្ដោតអាទិភាពលើការកសាងធនធានមនុស្សជាមួយការយកចិត្តទុកដាក់លើវិស័យសុខាភិបាល វិស័យអប់រំ បច្ចេកវិទ្យាឌីជីថល និងវិស័យអាទិភាពផ្សេងៗទៀត។
បន្ថែមលើសពីនេះ សម្តេចធិបតី ក៏បានគូសបញ្ជាក់ពីគោលនយោបាយ និងការលើកទឹកចិត្តរបស់រាជរដ្ឋាភិបាលចំពោះវិនិយោគិនបរទេស។ សម្ដេចធិបតីបានលើកទឹកចិត្តឱ្យក្រុមហ៊ុន Lippo Group ពិនិត្យលទ្ធភាពក្នុងការស្វែងរកឱកាសនៅក្នុងកិច្ចសហការជាមួយនឹងក្រុមហ៊ុនវិនិយោគក្នុងស្រុក ដើម្បីពង្រីកការវិនិយោគទៅលើវិស័យសក្ដានុពលផ្សេងៗបន្ថែមទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕