ភ្នំពេញ៖ ឆ្លើយតបទៅនឹង លោក អេង ឆៃអ៊ាង អតីតមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំង រត់ចោលស្រុក បានប្រាប់ទៅ គណបក្សប្រឆាំងនៅកម្ពុជា មិន ឱ្យខ្លាចការគំរាមកំហែងរបស់ក្រសួងមហាផ្ទៃ សម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្រាប់ទៅវិញថា បើក្លាហានបែបហ្នឹង ខំរត់រកងាប់អី។
សម្តេច ហ៊ុន សែន បានសរសេរនៅលើទំព័រហ្វេសបុករបស់សម្តេចនៅថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៤ នេះថា៖«តបលេងបន្តិចចុះដើម្បីកុំឱ្យមនុស្ស ភ្លេចខ្លួននិងជាន់កែងខ្លួនឯង។ម្នាក់នេះខំស្រែកពីអាមេរិកប្រាប់បក្សប្រឆាំងក្នុងស្រុកថាកុំខ្លាចការគំរាម របស់ក្រសួងមហាផ្ទៃ»។
លោក បន្តថា៖«ចុះបើក្លាហានបែបហ្នឹងម៉េចរត់ចោល ស្រុកកាលពីឆ្នាំ២០១៧នៅពេលដែល ខ្លួនអត់មានរឿងត្រូវជាប់ខ្នោះសោះ។ ខំរត់រកងាប់អីកាលពេលនោះនិងមក ក្លាហានអីនៅពេលនេះ?»។
ក្រសួងមហាផ្ទៃ ព្រមានទុកជាមុនចំពោះគណបក្សនយោបាយដែលបានចុះឈ្មោះចូលរួមការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ ឱ្យបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពដែលបំពានច្បាប់ស្តីពីគណបក្សនយោបាយ ពិសេស មាត្រា ៦ថ្មី(ពីរ) ដែលបានចែងអំពីសកម្មភាពដែលត្រូវបានហាមឃាត់ចំពោះគណបក្សនយោបាយ ក្នុងនោះចំណុចទី៧ នៃមាត្រានេះបានកំណត់ច្បាស់ថា «ការយល់ព្រមដោយចំហ ឬដោយតុណ្ហភាព ឬ ឃុបឃិតជាមួយទណ្ឌិតជាប់ទោសពីបទឧក្រិដ្ឋ ឬពីបទមជ្ឈិម ឱ្យធ្វើសកម្មភាពណាមួយ ដើម្បីជាផលប្រយោជន៍ នយោបាយសម្រាប់គណបក្សនយោបាយរបស់ខ្លួន» គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពដែលត្រូវបានហាមឃាត់។
ក្រសួងមហាផ្ទៃ បានអំពាវនាវដល់គ្រប់គណបក្សនយោបាយដែលបានចុះឈ្មោះចូលរួមការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ សូមអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ជាធរមាន ដើម្បីចូលរួមប្រកួតប្រជែងដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលជាច្បាប់កំពូលរបស់ជាតិ៕