ព្រះសីហនុ៖ ក្រុមហ៊ុន PITOU និងក្រុមហ៊ុន LJ ដែលជាក្រុមហ៊ុនអនុវត្តគម្រោងនៅកម្ពុជា បានធ្វើការចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគ ជាមួយក្រុមហ៊ុន AMARTA PURA របស់ប្រទេសឥណ្ឌូណេស៊ី, ក្រុមហ៊ុន DCI របស់សាធារណរដ្ឋកូរ៉េ និងក្រុមហ៊ុន KWK របស់ប្រទេសសិង្ហបុរី ដើម្បីវិនិយោគលើគម្រោងអភិវឌ្ឍន៍តំបន់ទេសចរណ៍ ជាលក្ខណៈ «តំបន់រាជាបេតិកភណ្ឌទេសចរណ៍» ដោយគ្រោងប្រើប្រាស់ទុនប្រមាណ ១,៨០០លានដុល្លារអាមេរិក នៅខេត្តព្រះសីហនុ ក្នុងឆ្នាំ២០២៤ នេះ ។
លោក ឃៀង ខេមរិន្ទ តំណាងក្រុមហ៊ុនវិនិយោគនៅកម្ពុជា បានថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយពិធីចុះហត្ថលេខា នៅសណ្ឋាគារភ្នំពេញ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ នេះថា គម្រោងវិនិយោគដែលមានទំហំទឹកប្រាក់ ១,៨០០លានដុល្លារនេះ នឹងធ្វើការអភិវឌ្ឍលើផ្ទៃដីទំហំ ២២.៥ហិកតា ស្ថិតនៅសង្កាត់បិតត្រាំង ស្រុកព្រៃនប់ខេត្តព្រះសីហនុ ។
លោក ឃៀង ខេមរិន្ទ បញ្ជាក់ គម្រោងនេះ ផ្ដោតទៅលើសណ្ឋាគារ ការស៊ីណូ កន្លែងវាយកូនគោល ផ្សារទំនើប មន្ទីរពេទ្យអន្ដរជាតិ សាកលវិទ្យាល័យអន្ដរជាតិ និងប្រភេទកីឡាទេសចរណ៍ជាច្រើនទៀត ជាមួយនឹងសំណង់អាគរប្រណិតៗជាច្រើនទៀត ។
លោក ឃៀង ខេមរិន្ធ សង្កត់ធ្ងន់ថា គម្រោងវិនិយោគនេះ គ្រោងនឹងចាប់ផ្ដើមនាអំឡុងពាក់កណ្ដាលឆ្នាំ២០២៤ នេះ ជាមួយផែនការមេរយៈពេល ១០ឆ្នាំ ដើម្បីបញ្ចប់សព្វគ្រប់នូវគម្រោងអភិវឌ្ឍន៍តំបន់ទេសចរណ៍នេះ ។ ដូច្នេះបន្ទាប់ពីការចុះកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុននឹងតម្លើងប្លង់មេ និងប្លង់លម្អិត រៀបចំជាសិក្ខាសាលា ដាក់ឆ្លង ក្រសួងជំនាញពាក់ព័ន្ធ ដើម្បីស្នើសុំគោលការណ៍វិនិយោគពីរាជរដ្ឋាភិបាលកម្ពុជា ។
លោកថា «សម្រាប់គម្រោងអភិវឌ្ឍន៍នេះ គឺភ្ជាប់ជាមួយអនុក្រឹត្យរបស់រាជរដ្ឋាភិបាល លេខ៤០ អនក្របក ចុះថ្ងៃទី៧ ខែមិនា ឆ្នាំ២០១៩ ស្ដីពីការបង្កើតតំបន់ទេសចរណ៍ពិសិដ្ឋ ក្នុងការជំរុញលើកកម្ពស់វិស័យទេសចរណ៍របស់ជាតិ ដោយគោលដៅទាក់ទាញចម្បង លើភ្ញៀវទេសចរមកពីម៉ាឡេស៊ី ឥណ្ឌូណេស៊ី កូរ៉េ ជប៉ុន និងចិន ជាដើម ។ គម្រោងនេះ ដំបូងយើងរៀបចំឡើងលើផ្ទៃដី ២២.៥ហិកតាសិន ដោយយកដៃគូអ្នកជំនាញបច្ចេកទេសពីកូរ៉េនិងសិង្ហបុរី ហើយបន្តបន្ទាប់ទៀត យើងនឹងរៀបចំគម្រោងរហូតដល់ផ្ទៃដី ២០០ហិកតាថ្ងៃអនាគត» ។
លោក ឃៀង ខេមរិន្ទ បានបង្ហាញនូវសុទិដ្ឋិនិយម និងការរំពឹងខ្ពស់លើការវិនិយោគនេះ នឹងទទួលបានជោគជ័យ ដ្បិតមុនឈានដល់ការចុះកិច្ចព្រមព្រៀងវិនិយោគ និងអនុស្សារណៈយោគយល់គ្នា ក្រុមហ៊ុនវិនិយោគកម្ពុជា បានចំណាយពេល ១ឆ្នាំកន្លះមកហើយ ក្នុងការសិក្សា និងជជែកគ្នាយ៉ាងលម្អិត ជាមួយដៃគូវិនិយោគរបស់ខ្លួន ដែលធ្លាប់មានបទពិសោធន៍ ក្នុងការរៀបចំគម្រោង ដូចជានៅវៀតណាម ឥណ្ឌូនេស៊ី សិង្ហបុរី ហុងកុង និងទទួលបានជោគជ័យដ៏ត្រចះត្រចង់ ។
លោកបន្ថែមថា «ក្រោយពេលគម្រោងវិនិយោគបានសាងសង់រួចរាល់ យើងរំពឹងថា នឹងបានជួយដល់សេដ្ឋកិច្ច និងវិស័យទេសចរណ៍នៅកម្ពុជាបន្ថែមទៀត ។ ជាមួយគ្នាដែរ ពួកយើងក៏សូមអំពាវនាវឲ្យគ្រប់ភាគីជំនាញទាំងអស់ ជាពិសេសអាជ្ញាធរដែនដី ក្រសួងជំនាញពាក់ពន្ធ័ ចូលរួមសហការគាំទ្រ និងជំរុញឲ្យគម្រោងវិនិយោគមួយនេះទទួលបានជោគជ័យទៅថ្ងៃអនាគត សម្រាប់ជាប្រយោជន៍ជាតិផងដែរ» ៕