លោក កើត រិទ្ធ ចាប់ផ្តើមអនុវត្តយុទ្ធនាការពង្រឹង និងលើកកម្ពស់សេវាយុត្តិធម៌ និងគុណភាពនៃយុត្តិធម៌

ភ្នំពេញ៖  លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈបញ្ជាការដឹកនាំយុទ្ធនាការ អមដោយប្រធានគណៈកម្មការដឹកនាំនិងអនុវត្តយុទ្ធនាការនីមួយៗ បានដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំនៃសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ ព្រមទាំងថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋាន និងលេខាធិការដ្ឋានរដ្ឋបាលតុលាការនៅទូទាំងប្រទេស ដើម្បីផ្សព្វផ្សាយ និងណែនាំអំពីការអនុវត្តយុទ្ធនាការដ៏មានសារៈសំខាន់ទាំងពីរនេះ។

លោក  កើត រិទ្ធ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយនេះ ធ្វើឡើងនៅថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៤   មួយថ្ងៃបន្ទាប់ពីការធ្វើសន្និសីទសារព័ត៌មាន ដើម្បីប្រកាសបើកយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយ ភាពមិនប្រក្រតីនៅតាមតុលាការ។

នាឱកាសនោះ  លោក កើត រិទ្ធ បញ្ជាក់ថា ការដាក់ចេញនូវយុទ្ធនាការទាំងពីរនេះ គឺធ្វើទៅតាមការប្រគល់ភារកិច្ច និងការណែនាំ របស់ សម្តេច ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ពីព្រោះថា ការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ គឺជាកិច្ចការអាទិភាពមួយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ ដូច្នេះ, ដើម្បីសម្រេចកិច្ចការ អាទិភាពនេះ ក្រសួងយុត្តិធម៌ មានភាពចាំបាច់ក្នុងការដាក់ចេញនូវការកែទម្រង់ដ៏មុតស្រួច ដោយនៅក្នុងនោះរួមមាន ការកែទម្រង់តាមរយៈការដាក់ចេញនូវយុទ្ធនាការទាំងពីរ គឺ យុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និង យុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។

ទន្ទឹមនឹងការអនុវត្តយុទ្ធនាការទាំងពីរនេះ លោក ឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ចំពោះមុខថ្នាក់ដឹកនាំតុលាការទាំងអស់ ថាមានសំណុំរឿង ៣ ប្រភេទ ដែលលោកឧបនាយករដ្ឋមន្ត្រី ក៏ដូចជា តុលាការទាំងអស់នៅទូទាំងប្រទេស ត្រូវប្រកាន់ជំហរដាច់ខាត គឺ សំណុំរឿងគ្រឿងញៀន សំណុំរឿងពាក់ព័ន្ធនឹងគ្រោះថ្នាក់ចរាចរណ៍ និងសំណុំរឿងពាក់ព័ន្ធនឹងអត្រានុកូលដ្ឋាន ដែលចាំបាច់ត្រូវតែដោះស្រាយដោយ “តម្លាភាព, ម៉ឺងម៉ាត់, ត្រឹមត្រូវតាមច្បាប់ និងការទទួលខុសត្រូវចំពោះមុខប្រជាជន និងសង្គមជាតិ”។

ជាមួយគ្នានោះ លោក កើត រិទ្ធ បានស្នើសុំឱ្យគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ចូលរួមអនុវត្តក្នុងស្មារតីទទួលខុសត្រូវខ្ពស់ នៅក្នុងយុទ្ធនាការដ៏មានសារៈសំខាន់នេះ ដើម្បីពង្រឹង និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ដែលជាបំណងប្រាថ្នារបស់ សម្តេច នាយករដ្ឋមន្ត្រី និង ជាបំណងប្រាថ្នារបស់ប្រជាជនកម្ពុជា៕