រដ្ឋសភាកម្ពុជានិងប៉ាគីស្ថាន ប្តេជ្ញារួមគ្នាពង្រឹងពង្រីកទំនាក់ទំនងទ្វេភាគីរវាងរដ្ឋសភាប្រទេសទាំងពីរឱ្យរឹងមាំគ្រប់ជ្រុងជ្រោយ

ភ្នំពេញ៖ រដ្ឋសភាកម្ពុជានិងប៉ាគីស្ថានបានប្តេជ្ញារួមគ្នានៅក្នុងការពង្រឹងពង្រីកទំនាក់ទំនងទ្វេភាគីរវាងរដ្ឋសភាប្រទេសទាំងពីរឱ្យរឹងមាំគ្រប់ជ្រុងជ្រោយឡើង ជាពិសេសជំរុញឱ្យមានការបង្កើតឡើង នូវអនុស្សរណៈយោគយល់គ្នា (MOUs) ស្តីពីកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទំាងពីរ នាពេលខាងមុខ ឆាប់ៗនេះ  ក្នុងការបម្រើផលប្រយោជន៍ប្រជាជននៃប្រទេសទំាងពីរ។

ការប្តេជ្ញាចិត្តនេះ បានធ្វើឡើងក្នុងឱកាស សម្តេច ឃួន សុដារី ប្រធានរដ្ឋសភានៃ កម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោក  ហ្សាហៀរូឌីន បាបា ថាហ៊ីម (Zaheeruddin Babar Thaheem) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន ប្រចាំនៅកម្ពុជា  នៅថ្ងៃទី១០ ខែមករាឆ្នាំ២០២៤នេះ នៅវិមានរដ្ឋសភា។

នាឱកាសនោះ លោក ហ្សាហៀរូឌីន បាបា ថាហ៊ីម លើកឡើងថា នៅក្នុងកុម្ភៈខាងមុខនេះ ប៉ាគីស្ថាននឹងរៀបចំការបោះឆ្នោតសភា។ បន្ទាប់ពីការបោះឆ្នោតបង្កើតរដ្ឋសភាថ្មីហើយនោះ ប៉ាគីស្ថាននឹងលើកទឹកចិត្តជំរុញដល់ការបង្កើតនូវអនុស្សរណៈយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប៉ាគីស្ថាននិងកម្ពុជា ក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទំាងពីរឱ្យកាន់តែរឹងមាំ គ្រប់ជ្រុងជ្រោយ ទំាងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី។

ជាការឆ្លើយត សម្តេច ឃួន សុដារី បានគំាទ្រ និងបានគូសបញ្ជាក់ថា ការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទំាងពីរឱ្យរឹងមាំ  សកម្ម និងគ្រប់ជ្រុងជ្រោយឡើង ក៏ជាបំណងប្រាថ្នារបស់រដ្ឋសភាកម្ពុជាដែរ។ ជាមួយគ្នានោះសម្តេចបានលើកឡើងថា  កិច្ចសហប្រតិបត្តិការរដ្ឋសភា ក៏ដូចជារដ្ឋាភិបាលប្រទេសទំាងពីរ មិនត្រឹមបម្រើផលប្រយោជន៍ សុខសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍរបស់កម្ពុជានិងប៉ាគីស្ថាននោះទេ តែនឹងបម្រើដល់ផលប្រយោជន៍រួម ជាការចូលរួមថែរក្សាសុខសន្តិភាព និងស្ថិរភាព ក្នុងតំបន់និងសកលោកទំាងមូល។

សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះការចូលរួមយ៉ាងសកម្ម របស់សភាប៉ាគីស្ថាន នៅលើវេទិកាអន្តរសភានានា ក្នុងបុព្វសន្តិភាពនិងមនុស្សធម៌ ជាពិសេសគណៈប្រតិភូរដ្ឋសភាប៉ាគីស្ថានតែងតែមានវត្តមាន ចូលរួមនៅក្នុងកិច្ចប្រជុំ ឬមហាសន្និបាត វេទិកាអន្តរសភា ដែលរដ្ឋសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលកន្លងមក។ សម្តេចបានគូសបញ្ជាក់ថា សភាទាំងពីរប្រទេសបានបន្តការគាំទ្រគ្នាទៅវិញទៅមកជាបន្តបន្ទាប់ក្នុងក្របខណ្ឌពហុភាគីនានា រួមទាំង APA, IPU, APPF, ASEP និងAIPA ជាដើម។

ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា ក៏បានស្នើដល់ប៉ាគីស្ថានពិនិត្យលទ្ធភាពនៅក្នុងការពង្រីកការវិនិយោគនិងការធ្វេីពាណិជ្ជកម្មនៅកម្ពុជា ដូចជាការកែច្នៃកសិផលផ្នែកអាហារហ៉ាល់ឡា “Halal” ជំរុញការបង្កើតជើងហោះហើរត្រង់រវាងប្រទេសទំាងពីរ និងការភ្ជាប់ទំនាក់ទំនងប្រជាជននិងប្រជាជនក្នុងវិស័យទេសចរណ៍ ជាដើម។

ជាការឆ្លើយតប  លោក អគ្គរដ្ឋទូត ប៉ាគីស្ថាន មានសុទិដ្ឋិនិយមថានៅពេលស្ថានទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅប្រទេសប៉ាគីស្ថានបានបង្កើតជាផ្លូវការនោះ ការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទំាងពីរកាន់តែរីកចម្រើន មានការលូតលាស់បានឆាប់រហ័ស។ ទាក់ទងការធ្វើពាណិជ្ជកម្ម

លោកថា បច្ចុប្បន្ននេះ ស្ថានទូតប៉ាគីស្ថាននៅភ្នំពេញ បានកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងពាណិជ្ជកម្ម ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយសង្ឃឹមថា  កិច្ចព្រមព្រៀងក្នុងវិស័យពាណិជ្ជកម្មមួយ នឹងចេញជារូបរាងនៅពេលឆាប់ៗ ខាងមុខនេះដែរ៕