សម្ដេច ហ៊ុន ម៉ាណែត៖ មកដល់ម៉ោងនេះ នៅតែមានអ្នកមកពឹងឱ្យជួយសម្រួលការប្រឡងឱ្យជាប់តែម្ដង

ភ្នំពេញ៖ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានគូសបញ្ជាក់ថា រហូតមកដល់ម៉ោងនេះ នៅតែមានអ្នក មកពឹងឱ្យសម្ដេចជួយសម្រួលការប្រឡងនានា ឱ្យជាប់តែម្ដង ដោយមិនបាច់ឆ្លងកាត់នូវការប្រឡង ឬក៏ទៅប្រឡងគ្រាន់តែជានាមតែមានឈ្មោះជាប់ស្រាប់។

ក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A ក្នុងឆ្នាំសិក្សា២០២២-២០២៣ សរុប ចំនួន ១,៦៩១នាក់ រាប់ទាំងបេក្ខជនអប់រំបច្ចេកទេស ១៨នាក់ ព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលពាណិជ្ជកម្មជ្រោយចង្វារ (OCIC) សម្ដេចបានថ្លែងថា ការធ្វើកំណែទម្រង់មិនមែនជារឿងងាយស្រួលនោះទេ។ ដោយការទាញ ពីសហគមន៍ ទាញពីឪពុកម្ដាយ ទាញឱ្យសិស្សានុស្សិសផ្លាស់ប្ដូរនូវផ្នត់គំនិតរបស់ពួកគេ រហូតមកដល់ពេលនេះ ពោលគឺចាប់ពីឆ្នាំ២០១៤រហូតដល់បច្ចុប្បន្ន គឺកំណែទម្រង់ទទួលបានជោគជ័យ។

ជាមួយគ្នានេះ សម្ដេច ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ថា កាលពីឆ្នាំ២០១៤ ២០១៥ និង២០១៦ មានអ្នកខ្លះថា ការធ្វើកំណែទម្រង់នៃការប្រឡង គឺមិនទៅមុខនោះទេ។ តែផ្ទុយទៅវិញជាក់ស្ដែង រយៈពេល១០ឆ្នាំកន្លងមក ការធ្វើកំណែទម្រង់ បានកែសម្រួលទទួលបានលទ្ធផលជាផ្លែផ្កា គួរឱ្យមានការកត់សម្គាល់ ដែលនេះគឺជាជោគជ័យមួយដែលសំខាន់ ហើយបទពិសោធន៍នេះ បានបញ្ជាក់ថា ជាកត្តាដែលធ្វើឱ្យការកែទម្រង់នៃការប្រឡងរីកចម្រើនផងដែរ។

សម្ដេចបន្ថែម ថា ការធ្វើកំណែទម្រង់ នៃការប្រឡងនានា គឺត្រូវបន្តធ្វើជាប់ជានិច្ច ដើម្បីធានានូវគុណភាពនៃការប្រឡង។

លើសពីនេះទៀត សម្ដេច ហ៊ុន ម៉ាណែត បញ្ជាក់ថា «កាលខ្ញុំធ្វើជាគណៈកម្មការប្រឡងនាយទាហ៊ាន ធ្លាប់មានការលើក ការស្នើ ម៉េចក៏អនុវត្តតឹងមេស! អត់យល់មនោសញ្ចេតនាសោះ ខ្ញុំឆ្លើយទៅវិញថា មិនមែនខ្ញុំអត់មនោសញ្ចេតនាទេ គឺខ្ញុំមានមនោសញ្ចេតនា ដែលទំលំទូលាយបំផុត ព្រោះអី! មិនចាំបាច់តែអ្នកដែលស្គាល់ខ្ញុំមួយចំនួនតូច មកនិយាយជាមួយខ្ញុំបានឱ្យកូនចៅជាប់ទេ! អ្នកណាក៏ដោយមិនបាច់ស្គាល់ខ្ញុំក៏ដោយ ឱ្យតែចេះជាប់ហើយ នេះហើយមនោសញ្ចេតនាធំបំផុតសម្រាប់ជាតិរបស់យើង។ នេះត្រូវយល់អំពីការមនោសញ្ចេតនា ហើយមនោសញ្ចេតនាធំបំផុតគឺមនោសញ្ចេតនា ជាមួយក្មួយៗតែម្ដង! ខ្លួនឯងតែម្ដង បើយើងទៅអន្តរាគមន៍ឱ្យគាត់ជាប់ គាត់អត់ខំប្រឹងទេ គាត់នៅតែពឹងរហូត តើជួយគាត់ឬមិនជួយគាត់ បើមិនឱ្យខ្លាំង ជាប់បាក់ឌុបចូលទៅធ្វើការអត់ចេះជួយទេ! ចឹងយើងក៏រួមចំណែកមួយដែរនៅក្នុងការជួយពង្រឹងនូបវប្បធម៌ គឺមនោសញ្ចេតនាធំទូលាយបំផុតរួមទាំងអ្នកដែលមកពឹងតែយើងមនជួយ មកដល់ម៉ោងនេះក៏នៅតែមានដែរ។ ជិដល់ប្រឡងឃើញមានតាមតេឡេក្រាមខ្ញុំប្រឡងនេះ ប្រឡងនោះ ខ្ញុំមិនថាប្រឡងអីទេ! ខ្ញុំជូនពរទៅវិញ សូមឱ្យក្មួយចខំរៀននិងប្រឡងឱ្យជាប់»។

ឆ្លៀតក្នុងឱកាសនោះ សម្ដេចនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ផងដែរថា ធនធានមនុស្ស គឺជារឿងចាំបាច់ណាស់ ព្រោះធនធានមនុស្ស អាចទាញនូវសក្តានុពល ក្នុងការប្រកួតប្រជែងបាន ដូច្នេះធនធានមនុស្សត្រូវដុះខាត់ តាមរយៈការអប់រំជាចាំបាច់៕