លោក សុខ ចិន្តាសោភា លើកទឹកចិត្តឱ្យអ្នកវិនិយោគឥណ្ឌូនេស៊ី មកសិក្សាពីឱកាសវិនិយោគលើ ការកែច្នៃស្រូវ ឃ្លាំង និងម៉ាស៊ីនកិនស្រូវ

ភ្នំពេញ៖ លោក ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានលើកទឹកចិត្តឱ្យអ្នកវិនិយោគឥណ្ឌូនេស៊ី មកសិក្សាពីឱកាសវិនិយោគ ដ៏មានសក្តានុពលនៅប្រទេសកម្ពុជា ជាពិសេសក្នុងវិស័យកសិឧស្សាហកម្ម ការកែច្នៃស្រូវ ឃ្លាំង និងម៉ាស៊ីនកិនស្រូវ ដើម្បីនាំចេញអង្ករកម្ពុជាទៅកាន់ប្រទេសឥណ្ឌូនេស៊ី។ នេះ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២៣។

ប្រភពដដែលបន្ថែមថា លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាប្រកបដោយផ្លែផ្កាជាមួយ លោកសាន់តូ ជាម៉ូស៊ូម៉ាតូ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែល ឯកអគ្គរដ្ឋទូតរូបនេះ ចូលជួបសម្តែងការគួរសម នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤។

ភាគីទាំងពីរ បានកត់សម្គាល់ដោយការពេញចិត្តចំពោះការបន្តរីកចម្រើននៃចំណងមិត្តភាពដ៏យូរអង្វែង រវាងកម្ពុជា និងឥណ្ឌូនេស៊ី ជាពិសេស លទ្ធផលប្រកបដោយផ្លែផ្កានៃជំនួបទ្វេភាគីនាពេលថ្មីៗនេះរវាង សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ កម្ពុជា ជាមួយ លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរដ្ឋធានីហ្សាការតា កាលពីខែកញ្ញា ឆ្នាំមុន។

លោក ឧបនាយករដ្ឋមន្ត្រី បានអបអរសាទរដល់ ឯកឧត្តមឯកអគ្គរដ្ឋទូត ចំពោះភាពជោគជ័យរបស់ ប្រទេសឥណ្ឌូនេស៊ី ក្នុងការធ្វើជាប្រធានអាស៊ាន ឆ្នាំ២០២៣។ ភាគីទាំងពីរ បានគូសបញ្ជាក់អំពីសារសំខាន់នៃការពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យដែលមាន ផលប្រយោជន៍ទៅវិញទៅមក រួមទាំងសន្តិសុខ នយោបាយនិងការពារជាតិ ពាណិជ្ជកម្មនិងការវិនិយោគ ការអប់រំ កីឡា វប្បធម៌ ទេសចរណ៍ និងការតភ្ជាប់រវាងប្រជាជននិងប្រជាជន។

ភាគីទាំងពីរ បានផ្លាស់ប្តូរទស្សនៈគ្នាអំពីការត្រៀមរៀបចំកិច្ចប្រជុំលើកទី៥ នៃគណៈកម្មការចម្រុះ សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងឥណ្ឌូនេស៊ី ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ តាមពេលវេលា សមស្រប និងសកម្មភាពរួមគ្នានានា ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាង ប្រទេសទាំងពីរ នៅក្នុងឆ្នាំនេះ៕