អ្នកនាំពាក្យ៖ ធនធានទឹកដែលមានសព្វថ្ងៃ មិនអាចផ្គត់ផ្គង់ជូនកសិករធ្វើស្រែប្រាំងបានពេញលេញ បើសម្រុកធ្វើទាំងអស់គ្នា

ភ្នំពេញ៖ លោកស្រី អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម បានគូសបញ្ជាក់ថា ធនធានទឹកដែលមានសព្វថ្ងៃ មិនអាចផ្តត់ផ្គង់​ ជូនប្រជាកសិករ ប្រើប្រាស់ដើម្បីធ្វើស្រែប្រាំង បានពេញលេញគ្រប់គ្រាន់តាមតម្រូវការនោះទេ ប្រសិនបើពួកគេ សម្រុកធ្វើទាំងអស់គ្នា។

ការលើកឡើងរបស់លោកស្រី អ៊ឹម រចនា បែបនេះធ្វើឡើងបន្ទាប់ពី រដ្ឋបាលខេត្តពោធិ៍សាត់ និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង បានចេញសេចក្តីណែនាំស្តីពី ការផ្អាកការងារបង្កបង្កើនផលស្រូវ នៅរដូវប្រាំងលើកទី២ ដោយហេតុ បញ្ហាខ្វះទឹកប្រើប្រាស់ ព្រោះការបង្កបង្កើនផលស្រូវ របស់ប្រជាកសិករលើសផែនការ ប្រើប្រាស់ទឹក។

ថ្លែងប្រាប់អ្នកសារព័ត៌មាន តាមរយ:ប្រព័ន្ធតេឡេក្រាម នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ លោកស្រី អ៊ឹម រចនា បានឱ្យដឹងថា “ងាកមកបញ្ហានៅខេត្តពោធិ៍សាត់ ដែលរដ្ឋបាលខេត្តលោកបានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ហាមឃាត់ការធ្វើស្រែប្រាំងនៅរដូវខាងមុខនេះគឺ ដោយសារអាជ្ញាធរខេត្ត និងមន្ទីរធនធានទឹក មន្ទីរកសិកម្មនៅខេត្តពោធិ៍សាត់ហ្នឹង យើងបានធ្វើការរួមគ្នា ហើយយើងបានគណនាច្បាស់លាស់មែនទែនថា ធនធានទឹកដែលយើងមានរាល់ថ្ងៃនេះ អាចផ្គត់ផ្គង់ការបង្កបង្កើនផលស្រូវប្រាំងបានទំហំ ប៉ុណ្ណា ហើយយើងច្បាស់ណាស់ថា មិនអាចផ្គត់ផ្គង់បានពេញលេញគ្រប់គ្រាន់ជូនដល់ប្រជាកសិករទាំអស់ទេ បើលោកសម្រុកធ្វើទាំងអស់គ្នា”។

ជាមួយគ្នានោះ លោកស្រី បញ្ជាក់ថា ធនធានទឹកដែលមាន មិនមែនប្រើប្រាស់តែការងារបង្កបង្កើនផលមួយមុខនោះទេ តែត្រូវចែករំលែកមួយផ្នែកសម្រាប់ការប្រើប្រាស់ទូទៅដែរ។លើសពីនេះទៀត លោកស្រី អ្នកនាំពាក្យ បញ្ជាក់បន្ថែមថា ចំពោះបញ្ហាខ្វះទឹកប្រើប្រាស់ ដើម្បីធ្វើស្រែនេះ គឺមិនមែនមានតែនៅកម្ពុជាមួយនោះទេដែលខ្វះទឹកប្រើប្រាស់ ពោលគឺប្រទេសជិតខាងកម្ពុជា​ គឺប្រទេសវៀតណាម ក៏មានការខ្វះទឹកប្រើប្រាស់ផងដែរ។

យោងតាមរបាយការណ៍ស្តីពីសភាពការណ៍កសិកម្ម រុក្ខាប្រមាញ់ និងនេសាទប្រចាំឆ្នាំ២០២៣ ឱ្យដឹងថា សភាពការណ៍រួមនៅក្នុងឆ្នាំ២០២៣ ការងារបង្កបង្កើនផលស្រូវរដូវប្រាំងសម្រេចបានចំនួន ៥៥៤ ២១០ហ.ត ស្មើនឹង​១១១,២៥% នៃផែនការចំនួន ៤៩៨ ១៧០ហ.ត។ វិធានការជួយសង្គ្រោះបន្ទាន់ និងវិធានការជំរុញ​ផលិតកម្ម​​ដំណាំ ការចិញ្ចឹមសត្វ និងវារីវប្បកម្មត្រូវបានដាក់ចេញ និង​អនុវត្តយ៉ាង​សកម្មដើម្បីជួយ​ដល់​កសិករ។

រីឯ​ការ​ចូល​រួម​ទប់ស្កាត់​​​បទ​ល្មើស ជាពិ​សេស​​បទល្មើស​ព្រៃ​ឈើ បទ​ល្មើស​ជល​ផល​ ​បទ​ល្មើស​​ចលនាសត្វ​​ដោយ​ខុស​ច្បាប់​ត្រូវ​បានអនុវត្ត​ប្រក​ប​​ដោយ​ប្រសិទ្ធភាព​ក្រោម​​កិច្ច​​សហការ​​​ជាមួយ​គណៈកម្មការ​​​អន្តរ​ក្រសួង។ ចំណែក​ឯការចុះ​ធ្វើ​អធិការកិច្ច​​​ជី-ថ្នាំ​កសិកម្ម ការ​ជំរុញ​ការងារ​ផ្សព្វផ្សាយ​​កសិកម្ម​តាម​គ្រប់​រូប​ភាព​​បាន​ប្រព្រឹត្ត​​​​ទៅក្រោមកិច្ច​សហប្រតិ​បត្តិការ​យ៉ាង​ល្អ​ប្រសើរ​​​ជាមួយ​ក្រសួង​​ស្ថាប័ន​ពាក់ព័ន្ធ រដ្ឋបាល​​ថ្នាក់​ក្រោម​ជាតិ ដៃគូ​អភិវឌ្ឍន៍ និង​សហគមន៍​កសិកម្ម​ទៅតាម​ភារកិច្ច​ក្នុង​ស្មារតី​ទទួលខុស​ត្រូវខ្ពស់។ ទន្ទឹម​នឹងនេះ ព្រឹត្តិការណ៍​​​​សំខាន់ៗក្នុងឆ្នាំ២០២៣នេះ គឺបាន​រៀបចំកិច្ច​ប្រជុំ​ការងារ​ចាំបាច់ ​ការបន្ត​រៀបចំ​លិខិត​បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​នានា​។

មកទល់ពេលនេះ ការងារបង្កបង្កើនផលស្រូវរដូវប្រាំងសម្រេចបានចំនួន ៥៥៤ ២១០ហ.ត ស្មើនឹង​១១១,២៥% នៃផែនការចំនួន ៤៩៨ ១៧០ហ.ត លើសឆ្នាំមុន ៩៦ ៨២០ហ.ត និងការប្រមូលផលស្រូវវស្សាសម្រេចបានចំនួន ២ ៨៣៥ ៥៥៧ហ.ត ដោយទទួលបរិមាណផលសរុបចំនួន ៩ ៣៤២ ៤៦៤តោន និងទិន្នផលគិតជាមធ្យម ៣,២៩៥តោន/ហ.ត។

ក្រសួង​បានជំរុញ​ដល់​គ្រប់​អង្គភាព​ជំនាញ​ទាំងអស់ ជាពិសេស​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសា​ទ​រាជធានី-ខេត្ត ឱ្យយកចិត្តទុកដាក់​គិតគូរទៅលើ​ការចុះ​អន្តរា​គមន៍​​ទាន់​ពេល​វេលាក្នុង​ការស្ដារ​ការ​ប៉ះពាល់ និង​ខូច​ខាត​ដោយ​គ្រោះ​ធម្មជាតិ ការ​រាត​ត្បា​ត​​ដោយ​សមាសភាព​ចង្រៃ ការ​កើតជំងឺផ្សេងៗលើ​ដំ​ណាំ​កសិកម្ម ជំងឺ​ឆ្លង​សត្វ និង​ការ​ត្រៀម​លក្ខណៈ​​នៅ​ពេល​កសិករ​​ទទួលរង​នូវ​ផល​ប៉ះពាល់​ផ្សេងៗ​​​​ជា​យថា​ហេតុ។

​អង្គភាព​ជំនាញ​នៅតែខិតខំបន្តពង្រឹងការអនុវត្តច្បាប់ ការកសាងច្បាប់ និងលិខិតបទ​ដ្ឋានគតិយុត្តផ្សេងៗតាម​​​​​​​​​ការ​ចាំបាច់​យ៉ាងយក​​ចិត្តទុក​ដាក់ ការជំរុញឱ្យ​ចុះត្រួតពិនិត្យ និងចាត់វិធានការជាក់ស្តែង ដើម្បីលុបបំបាត់បទល្មើស​ចលនា​សត្វឈឺ​ក្នុងតំបន់ផ្ទុះជំងឺ បទល្មើស​ព្រៃឈើ​ និងបទល្មើសជល​ផ​ល​​​តាមគ្រប់​រូប​ភាព ព្រមទាំងសហការពង្រឹង​យន្តការ​គ្រប់គ្រង ការត្រួត​ពិនិត្យអនាម័យ និង​ភូតគាមអនាម័យដោយគិតគូរជា​ចម្បងទៅលើ​គុណភាព សុវត្ថិភាព និង​សុខុមាលភាព​សាធារណៈ។

ជាមួយគ្នានេះ ក្រសួងបានបន្ត​ជំរុញឱ្យគណៈកម្ម​កា​​រ ​និង​ក្រុមការងារ​ដែលបានរៀបចំ​រួចហើយដើម្បីចូលរួមដោះ​ស្រាយលើ​រាល់​​បញ្ហាប្រឈមទាំង​ឡាយ​ដែល​​​កើត​​ឡើ​​ង​នៅតា​ម​​​​អនុ​វិ​ស័យ​នីមួយៗ។ ទន្ទឹម​នឹងនេះ ផ្នែក​សេវាកម្ម ដំណើរ​ការ​នៃ​កំណែ​ទម្រង់​​​​ផ្សេងៗតាមអនុវិស័យសំខាន់ៗ ជាអាទិ៍ក្នុងក្របខ័ណ្ឌកំណែ​ទម្រង់ហិរញ្ញវត្ថុ​សាធារណៈ ការ​ប្រមូល​​ចំណូល​​​បង់​ចូល​ថវិកា​ជាតិ កិច្ច​កា​រ​​សវន​កម្ម ការ​ចុះ​ធ្វើ​​អធិ​ការកិច្ច​​តាម​បណ្តា​អង្គភាព​​ក្រោម​ឱវាទ ការចុះ​ធ្វើអធិការកិច្ច​​លើការធ្វើ​អាជីវកម្ម​សម្ភារ​កសិកម្ម កិច្ច​សហ​​ប្រតិ​​​បត្តិការ​អន្តរជាតិ ការ​​រៀប​ចំ​វគ្គ​បណ្តុះបណ្តាល សិក្ខាសាលា រួមទាំងការរៀបចំ​ផែនការ​យុទ្ធសា​ស្រ្តឱ្យ​​សម្រេ​ច​​​​​​បាន​នូវ​លទ្ធផលល្អប្រសើរតាម​ផ្នែក​នីមួយៗស្រប​តាមផែនការអភិវឌ្ឍន៍​វិស័យកសិកម្ម​៕