អ្នកទិញបុរីវីអាយភីមានសង្ឃឹមហើយ ក្រុមហ៊ុនជប៉ុនចាប់អារម្មណ៍ ចូលរួមចំណែកជួយ

ភ្នំពេញ៖  អ្នកទិញបុរីវីអាយភី នៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ នឹងមានសង្ឃឹមឡើងវិញ ពីព្រោះក្រុមហ៊ុន Creed Group ដែលជាក្រុមហ៊ុនវិនិយោគមកពីប្រទេសជប៉ុន មានចំណាប់អារម្មណ៍ក្នុងការចូលរួមចំណែកជួយស្ដារស្ថានភាពជាប់តាំងរបស់បុរី ស្របតាមសំណូមពរ របស់ក្រសួងរៀបចំដែនដី នគរូបមនីយកម្ម និងសំណង់ ។

សេចក្តីជូនដំណឹងរបស់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ជូនដំណឹងដល់ម្ចាស់ បុរីវីអាយភី អតិថិជនបុរីវីអាយភី ម្ចាស់បំណុលពាក់ព័ន្ធករណីបុរីវីអាយភី អ្នកពាក់ព័ន្ធករណីបុរីវីអាយភី ទាំងអស់ដែលមានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តព្រះសីហនុ និងអាជ្ញាធរមូលដ្ឋាន  នៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២៣ បញ្ជាក់ថា  ស្ថានភាពសេដ្ឋកិច្ចសកលនិងបញ្ហាភូមិសាស្ត្រនយោបាយ បានធ្វើឱ្យកំណើនវិស័យអចលនទ្រព្យ នៅលើពិភពលោកទាំងមូលមានការថមថយ រួមទាំងវិស័យអចលនទ្រព្យនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង ផងដែរ។ ការណ៍នេះ បានធ្វើឱ្យដំណើរការសាងសង់បុរី វីអាយភី ក៏ជួបបញ្ហាជាប់គាំងផងដែរ។

សេចក្តីជូនដំណឹងដដែលនេះ បន្តថា៖« ក្នុងស្មារតី នៃការចូលរួមស្ការវិស័យអចលនទ្រព្យនៅកម្ពុជា ពិសេស បញ្ហាបុរីវិអាយភី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំកិច្ចប្រជុំជាច្រើនលើកច្រើនសាររួចមកហើយ ដើម្បីប្រមូលព័ត៌មានឱ្យបានពេញលេញ និងគ្រប់ជ្រុងជ្រោយ ក្នុងការស្វែងរកដំណោះស្រាយសមស្របមួយដែលគ្រប់ភាគីពាក់ព័ន្ធទាំងអស់អាចទទួល យកបាន»។

បើតាមសេចក្តីជូនដំណឹងនេះ ជាមួយគ្នានេះដែរ ក្រុមហ៊ុន Creed Group ដែលជាក្រុមហ៊ុនវិនិយោគមកពីប្រទេសជប៉ុន មានចំណាប់អារម្មណ៍ក្នុងការចូលរួមចំណែកជួយស្ដារស្ថានភាពជាប់តាំងរបស់បុរីវិអាយភី ស្របតាមសំណូមពរ របស់ក្រសួង។ ក្នុងន័យនេះ ក្រុមហ៊ុន Creed Group នឹងបញ្ចូនក្រុមការងារជំនាញដើម្បីចុះធ្វើការសិក្សា ស្រាវជ្រាវនិងវាយតម្លៃទីតាំងជាក់ស្តែង ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន ជូនដំណឹងដល់ភាគីពាក់ព័ន្ធ ទាំងអស់ រួមទាំងអតិថិជន ម្ចាស់បំណុល និងម្ចាស់ឬតំណាងបុរី វីអាយភី និងអាជ្ញាធរមូលដ្ឋាន សូមចូលរួម សហការ ផ្តល់ព័ត៌មាននិងឯកសារពាក់ព័ន្ធនានា បម្រើដល់ការសិក្សាស្រាវជ្រាវ និងវិភាគរបស់ក្រុមការងារ ជំនាញនៃក្រុម នៃក្រុមហ៊ុន  Creed Group ៕