រាជរដ្ឋាភិបាលបើកិច្ចប្រជុំ រកដំណោះស្រាយ តម្លៃសេវាប្រើប្រាស់ផ្លូវចេញចូលអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ក្រោយមានការស្នើសុំពីក្រុមរត់តាក់ស៊ី

ភ្នំពេញ៖ រាជរដ្ឋាភិបាល បើកកិច្ចប្រជុំក្រុមការងារចំពោះកិច្ច ពិភាក្សារកដំណោះស្រាយសមស្រប អំពីតម្លៃសេវាប្រើប្រាស់ផ្លូវចេញចូល អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ នៅទីស្តីការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា  បន្ទាប់ពីមានការផ្ទុះការតវា និងការស្នើសុំពីអ្នករត់តាក់ស៊ី និងកង់បី ឱ្យរដ្ឋាភិបាលរកដំណោះស្រាយ  ដែលថា តម្លៃសេវានេះ​មានតម្លៃខ្ពស់។

កិច្ចប្រជុំនេះ ក្រោមកិច្ចដឹកនាំរបស់លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅ ថ្ងៃ ទី០៤ ខែមករា ឆ្នាំ២០២៤និងដោយមានការការចូលរួមពី លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល តំណាងក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​ និង អភិបាលរង​ នៃគណៈអភិបាល​ខេត្តសៀមរាប និងមន្ត្រីពាក់ព័ន្ធផ្សេងទៀតផងដែរ។

កិច្ចប្រជុំនាព្រឹកនេះ ត្រូវបានរៀបចំឡើងបន្ទាប់ពីទទួលបានការចង្អុលបង្ហាញដោយផ្ទាល់ ពីសំណាក់ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបង្កើតឱ្យមានក្រុមការងារចំពោះកិច្ចដោះស្រាយលើតម្លៃសេវាប្រើប្រាស់ផ្លូវចេញចូល អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ។

អង្គប្រជុំបានជជែកពិភាក្សាយ៉ាងផុលផុស និងបានសម្រេចរៀបចំបេសកកម្ម ចុះពិនិត្យស្ថានភាពអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ នាពេលឆាប់ៗខាងមុខ។

បន្ទាប់ពីការចុះពិនិត្យស្ថានភាពអាកាសយានដ្ឋានរួចរាល់ ក្រុមការងារចំពោះកិច្ចគ្រោងនឹងជួបជជែកពិភាក្សាជាមួយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd. (AIAI) សំដៅរួមគ្នាស្វែងរកដំដោះស្រាយសមស្រប ជូនដល់បងប្អូនប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី ០៣ ខែមករា ឆ្នាំ ២០២៤  ក្រុមអ្នករត់តាក់ស៊ី និងកង់បី បានប្រមូលផ្ដុំគ្នានៅរដ្ឋបាលខេត្តសៀមរាប ដើម្បីស្នើសុំឱ្យអាជ្ញាធរជួយដោះស្រាយករណីបង់ថ្លៃផ្លូវចូលព្រលានយន្តហោះ សៀមរាប-អង្គរ ដែលគ្រប់គ្រងដោយក្រុមហ៊ុនចិន៕