អភិបាលខេត្តកែប៖ ព័ត៌មានចាប់ខ្លួនអភិបាលក្រុងកែប និងនាយករដ្ឋបាល គឺជារឿងមិនពិត

លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានច្រានព័ត៌មានដែលចុះផ្សាយថា អភិបាលក្រុងកែបលោក ខេង យ័ន និងនាយករដ្ឋបាលក្រុងកែប ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ធ្វើការឃាត់ខ្លួននៅព្រឹកថ្ងៃទី២ មករានេះ។ លោក សោម ពិសិដ្ឋ ចាត់ទុកការចុះផ្សាយនេះគឺជារឿងមិនពិតនោះទេ។

ថ្លែងប្រាប់សារព័ត៌មានខ្មែរឈានមុខនៅល្ងាចថ្ងៃទី២ មករានេះ លោក សោម ពិសិដ្ឋ បានបញ្ជាក់ថា «ភ័ន្តច្រឡំនោះទេ អត់មានការចាប់ខ្លួននោះទេ….គាត់មានបទល្មើសណាដែលត្រូវចាប់ខ្លួន»។

ការចេញមុខច្រានចោលព័ត៌មានខាងលើនេះ គឺធ្វើឡើងបន្ទាប់ពីសារព័ត៌មានក្នុងស្រុក បានធ្វើការចុះផ្សាយដោយដកស្រង់ប្រភពពីស្នងការខេត្តកែបថា លោក ខេង យ័ន អភិបាលក្រុងកែប និងនាយករដ្ឋបាលក្រុងកែប ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ឃាត់ខ្លួន នៅវេលាម៉ោងប្រមាណ ១១ព្រឹក នាថ្ងៃទី២ ខែមករាឆ្នាំ ២០២៤នេះ។ សម្រាប់មូលហេតុ ដែលនាំឲ្យមានការឃាត់ខ្លួនមន្រ្តីទាំង ២រូបនេះ មិនទាន់ដឹងលម្អិត និងផ្តើមចេញពីរឿងរ៉ាវអ្វីនោះឡើយ។

យ៉ាងណាក៏ដោយចុះ អង្គភាពសារព័ត៌មានខ្មែរឈានមុខនៅថ្ងៃដដែលនេះ ក៏បានទាក់ទងលោក ខេង យ័ន អភិបាលក្រុងកែប ដើម្បីសុំការបំភ្លឺជុំវិញព័ត៌មាននេះ។ ប៉ុន្តែទូរស័ព្ទចូលមិនមានអ្នកទទួល៕