ឆ្លងឆ្នាំ៣ថ្ងៃ!រតនគិរី ទទួលបានភ្ញៀវទេសចរ ៨៤២០នាក់ ថយចុះ ២,៥៧%

រតនគិរី៖ រយៈពេល៣ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល២០២៤ គិតចាប់ពីថ្ងៃ ទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ខេត្តរតនគិរី ទទួលបានភ្ញៀវទេសចរសរុបចំនួន ៨៤២០នាក់ មានការថយចុះ ២,៥៧% ក្នុងនោះ៖ភ្ញៀវទេសចរជាតិមានចំនួន៨ ៣៦៣នាក់ មានការថយចុះ២,៧៣% ខណៈភ្ញៀវទេសចរបរទេសមានចំនួន ៥៧នាក់ មានការកើនឡើង ២,៥១%។នេះបើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តរតនគិរី កាលពីល្ងាចថ្ងៃទី១ ខែមករា ឆ្នាំ២០២៤។

មន្ទីរទេសចរណ៍ ខេត្តរតនគិរី បញ្ជាក់ថា មូលហេតុដែលធ្វើឱ្យចំនួនភ្ញៀវទេសចរមានការធ្លាក់ចុះគឺ ដោយកត្តាភ្ញៀវទេសចរមានច្រើនជម្រើសក្នុងការដើរលេងកំសាន្តក្នុងព្រឹត្តិការណ៍ឆ្លងឆ្នាំសកល២០២៤។

ជាមួយគ្នានោះ មន្ទីរទេសចរណ៍ បន្ថែមថា ដោយឡែកចំពោះសេវាកម្មស្នាក់នៅ និងសេវាកម្មម្ហូបអាហារ រួមជាមួយសេវាកម្មដឹកជញ្ជូនភ្ញៀវ ពុំមានការតំឡើងថ្លៃគួរឱ្យកត់សម្គាល់នោះឡើយ ហើយនៅតាមតំបន់រមណីយដ្ឋានមានការគ្រប់គ្រងបរិស្ថាន សណ្តាប់ធ្នាប់ បានល្អប្រសើរ ដោយមានរៀបចំណតរថយន្ត និងម៉ូតូយ៉ាងមានរបៀបរៀបរយផងដែរ៕