ភ្នំពេញ៖ លោក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាឱ្យកម្លាំងជំនាញធ្វើការស្រាវជ្រាវស្វែងរកអ្នកបើកបររថយន្ត Ford ដើម្បីឱ្យចូលខ្លួនមកសារភាព និងដោះស្រាយក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បើកបុកម៉ូតូបណ្តាឱ្យជនរងគ្រោះរងរបួស ចំពោះមុខសមត្ថកិច្ច និងអនុវត្តតាមនីតិវិធី។
ទំព័រហ្វេសបុករបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅថ្ងៃទី ៣០ ខែធ្នូនេះ បញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត Ford បើកបុក ម៉ូតូ បណ្តាលឱ្យជនរងគ្រោះរងរបួសស្រាល ប៉ុន្តែក្នុងហេតុការណ៍នោះឃើញម្ចាស់រថយន្តបាត់បង់គុណធម៌ឃើញជនរងគ្រោះដួលហើយមានចេតនាចង់បុក បន្ថែមទៅលើជនរងគ្រោះ។ ហេតុការណ៍កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ប្រភពដដែលបន្ថែមថា៖«បន្ទាប់ពីហេតុការណ៍កើតឡើង លោកជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាឱ្យកម្លាំងជំនាញធ្វើការស្រាវជ្រាវស្វែងរកអ្នកបើកបររថយន្ត Ford ដើម្បីឱ្យចូលខ្លួនមកសារភាព និងដោះស្រាយក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះចំពោះមុខសមត្ថកិច្ច និងអនុវត្តតាមនីតិវិធី បន្ទាប់ពីគេចវេសមិនទទួលខុសត្រូវ ក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍។ ជាចុងក្រោយ សូមម្ចាស់រថយន្ត Ford ភ្ងាក់រលឹកចូលខ្លួនមកដោះស្រាយចំពោះមុខសមត្ថកិច្ច ដើម្បីអនុវត្តតាមនីតិវិធី៕