សម្ដេច ហ៊ុន ម៉ាណែត៖ សង្រ្គាមមិនមែនជាអ្វីដែលយើងចង់បានទេ ត្រូវរួមគ្នាការពារសន្តិភាព

ភ្នំពេញ៖ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ថា សង្រ្គាមមិនមែនជាអ្វីដែលយើងចង់បានទេ ដូច្នេះត្រូវរួមគ្នា ថែរក្សាការពារសិន្តិភាព ឱ្យខានតែបាន។

ក្នុងពិធីអបអរសាទរ«ខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិល នៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យ នយោបាយ ឈ្នះ ឈ្នះ និងខួប ៥ឆ្នាំ នៃការកសាងវិមានឈ្នះឈ្នះ» កាលពីព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ សម្ដេចបានថ្លែងថា វិមានឈ្នះឈ្នះ បានរៀនរៀបរាប់អំពីតថភាពជាក់ស្ដែង នៃការខិតខំប្រឹងប្រែង ដឹកនាំនិងការចូលរួមរបស់ស្ថាបនិកនិងមគ្គទេសឯក សម្ដេចតេជោ ហ៊ុនសែន ក៏ដូចជាប្រតិបត្តិស្នូរសំខាន់ៗដទៃទៀត។

សម្ដេច ហ៊ុន ម៉ាណែត មានប្រសាសន៍បន្តថា «ហើយមិនត្រឹមតែចប់ ត្រឹមការបញ្ចប់សង្រ្គាម នៅថ្ងៃ២៩ ខែធ្នូ ឆ្នាំ១៩៩៨នោះទេ។ ប៉ុន្តែវាមានទុក្ខសម្រាប់ភ្ជាប់ជាមួយនឹងការវិវត្តបច្ចុប្បន្ន!ចឹងអ្វីដែលយើងឃើញនៅទីកន្លែងនេះ គឺភ្ជាប់ពីភាពសុខដមរម្យនា ពីអតីតកាលរហូតមកដល់ភាពសុខដមរម្យនានៃការអភិវឌ្ឍបច្ចុប្បន្នកាល។ ប៉ុន្តែត្រូវឆ្លងកាត់នៃដំណាក់កាល ពីការវេទនា ហេតុអី? ដើម្បីឱ្យអ្នកដែលមើលនៅទីនេះ! ជាទឹកតាំងយ៉ាងហោចណាស់មើលតែមួយភ្លែត មើលតែមួយជ្រុងបានដឹងថា កម្ពុជាយើងបានឆ្លងកាត់ស្អីខ្លះ ទម្រាំយើងបានប៉ុណ្នេះ!ហើយឱ្យស្គាល់តម្លៃនៃសន្តិភាពកាន់តែមាំ ស្គាល់តម្លៃសន្តិភាព ទាល់តែមើលឃើញនៅពេល ដែលបាត់សន្តិភាពវេទនាយ៉ាងណា។ គ្រាន់តែទិន្នន័យនៃគ្រាប់បែកដែលសម្លាប់មនុស្ស ដែលយកទៅបង្កឱ្យសម្លាប់គ្នានេះ ក៏អាចឱ្យបញ្ជាក់ដល់កូនចៅជំនាន់ក្រោយបានចង់ចាំថា សង្រ្គាមមិនមែនជាអ្វីដែលយើងចង់បានទេ ហើយត្រូវរួមគ្នាការពាសន្តិភាពនេះជាអ្វីដែលយើងចង់បាន»។

ជាមួយគ្នានោះសម្ដេច បានគូសបញ្ជាក់ថា វិមានឈ្នះ ឈ្នះ គឺសាងសង់ឡើងបង្ហាញជានិមិត្តរូបនៃកូនខ្មែរគ្រប់រូប និងធ្វើឡើង ដើម្បីជានិម្មិតរូបនៃសុខសន្តិភាពរបស់កម្ពុជាទាំងមូលផងដែរ មិនមែនធ្វើឡើងដើម្បីតែលើកតម្កើងសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនោះទេ។
សម្ដេចនាយករដ្ឋមន្រ្តី សង្កត់ធ្ងន់ថា វិមានជាប្រវត្តិសាស្រ្តមួយនេះ ក៏នឹងផ្ទុកនូវរាល់ប្រវត្តិសាស្រ្ត ពិតប្រាកដរបស់ក្រុមប្រតិបត្តិករ ដែលបាននាំឱ្យកម្ពុជាមានសុខសន្តិភាពរហូតដល់សព្វថ្ងៃនេះផងដែរ។

សូមបញ្ជាក់ថា វិមានឈ្នះ-ឈ្នះ ត្រូវបានចាប់ផ្ដើមកសាងឡើង កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ ដែលមានកម្អស់ ៥៤ម៉ែត្រ ទទឹង៣៦ម៉ែត្រ លើទំហំផ្ទៃដី៨ហិកតា ស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ហើយត្រូវបានសម្ពោធដាក់ឲ្យដំណើរការក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨៕